វៀតណាម នឹងពិនិត្យលទ្ធភាពវិនិយោគវិស័យកសិ-ឧស្សាហកម្ម ថាមពល និងទេសចរណ៍ នៅខេត្តស្ទឹងត្រែង

08-04-2026 14:22

(ស្ទឹងត្រែង)៖ ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តស្ទឹងត្រែងរបស់គណប្រតិភូ ខេត្តហ្សាឡាយ ប្រទេសវៀតណាម ដឹកនាំដោយ លោក ហ្វាម អាញ់ទ័ន សមាជិកគណកម្មាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិកាប្រជាជន ខេត្តហ្សាឡាយ បានបញ្ជាក់ថា វៀតណាម នឹងពិនិត្យលទ្ធភាពវិនិយោគវិស័យកសិ-ឧស្សាហកម្ម ថាមពល និងទេសចរណ៍ នៅខេត្តស្ទឹងត្រែង។

នាឱកាសនោះ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រតិភូខេត្ត ហ្សា ឡាយ នាឱកាសនោះ នៅសាលាខេត្តស្ទឹងត្រែង។

ភាគីទាំង២ សម្តែងការសួរសុខទុក្ខគ្នាទៅវិញទៅមក ស្របពេលជាមួយគ្នានោះ លោក សរ សុពុត្រា បានចាត់ទុកថា នេះជាការកសាងលើ «សាមគ្គីភាព ជឿជាក់ ការយោគយល់គ្នា នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ហើយបានបង្ហាញនូវទំនុកចិត្តថា ចំណងទ្វេភាគីនឹងត្រូវបានពង្រឹងបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ខេត្តស្ទឹងត្រែង, លោក ហ្វាម អាញ់ទ័ន បានសម្តែងការអបអរសាទរចំពោះ ខេត្តទាំង៣នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ព្រះវិហារ និងរតនគិរី ដែលបានចុះហត្ថលេខា នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ លើអនុស្សរណៈ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យ ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយខេត្ត ហ្សា ឡាយ ប្រទេសវៀតណាម។

ក្នុងនោះ លោក ហ្វាម អាញ់ទ័ន បានសម្តែងភាពរីករាយចំពោះប្រតិភូខេត្តទាំង៣នៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងសន្និសីទលើកកម្ពស់ការវិនិយោគខេត្ត ហ្សា ឡាយ ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាតខេត្ត (ប្រទេសវៀតណាម), ព្រឹត្តិការណ៍ទេសចរណ៍ជាតិ ឆ្នាំ២០២៦ ដ៏អស្ចារ្យ ដែលបានបង្ហាញនូវសក្តានុពល ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាពហុវិស័យ និងវប្បធម៌ប្រពៃណី សិល្បៈ ព្រមទាំងជីវភាពរស់នៅដ៏ផូរផង់របស់ប្រជាជនវៀតណាម និយាយជារួម និងដោយឡែក ប្រជាជនខេត្តហ្សាឡាយ។

ជាមួយគ្នានោះ លោកប្រធានគណៈកម្មាធិកាប្រជាជន ខេត្តហ្សាឡាយ បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកលើកកម្ពស់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យសំខាន់ៗជាច្រើនបន្ថែមទៀត រួមមានវិស័យសេដ្ឋកិច្ច និងការវិនិយោគ ឧស្សាហកម្មនិងពាណិជ្ជកម្ម ដឹកជញ្ជូន កសិកម្មនិងធនធានទឹក វប្បធម៌ កីឡា និងទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល សុខាភិបាល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការគាំទ្រគម្រោងមិត្តភាព និងការលើកកម្ពស់សន្តិសុខ និងការងាររុករក ជីកគាស់លើកដាក់អដ្ឋិធាតុ ស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

បន្ថែមលើការជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាឱកាសនោះ ភាគីវៀតណាម បានបង្ហើបឱ្យដឹងផងដែរថា នៅពេលដ៏ខ្លីខាងមុខ អាជីវករប្រទេសវៀតណាម និងមកសិក្សាពីលទ្ធភាពការវិនិយោគនៅខេត្តស្ទឹងត្រែងលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលជាឱកាសពង្រីកពាណិជ្ជកម្មយ៉ាងល្អប្រសើររវាងខេត្តទាំង២។

ក្នុងដំណើរទស្សនកិច្ចដដែល ភាគីវៀតណាម បានមើលឃើញលើការវិនិយោគ ថាមពលអគ្គិសនីផលិតដោយកង្ហាល់ នៅខេត្តស្ទឹងត្រែង ខណៈពេលខេត្តមួយនេះមានខ្សល់បក់ អំណោយផលដល់ការដំឡើងកង្ហាល់ផលិតថាមពល។

លោក សរ សុពុត្រា បានសម្តែងការរីករាយស្វាគមន៍ ចំពោះវិនិយោគគិន ដែលមានបំណងវិនិយោគ លើវិស័យទាំង៣នៅខេត្តស្ទឹងត្រែង ស្របតាម «កម្មវិធីពិសេសជម្រុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ដោយរដ្ឋបាលខេត្តមានការសម្របសម្រួលគ្រប់មធ្យោបាយដល់ក្រុមហ៊ុន បង្កលក្ខណៈងាយស្រួលដល់អាជីវករដើម្បីបង្កើនទំហំពាណិជ្ជកម្មកាន់តែមានការកើនឡើង។

ក្នុងជំនួបដដែលនោះ មានក្រុមហ៊ុនរបស់ ខេត្តហ្សាឡាយ ចំនួន៨ ទទួលយកសំណើរបស់រដ្ឋបាលខេត្ត ក្នុងការចុះសិក្សាឱកាសវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕