មន្ដ្រីជំនាញ ក.ប.ប បន្តចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ គ្រឿងឧបភោគបរិភោប នៅផ្សារលើ ក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពសុខុមាលភាពជូនអ្នកប្រើប្រាស់
08-04-2026 14:34
(ព្រះសីហនុ)៖ មុនពេលឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានមកដល់ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ហៅកាត់ថា (ក.ប.ប) នៅព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារលើស្ថិតនៅក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពសុខុមាលភាពជូនអ្នកប្រើប្រាស់។
កិច្ចការងារនេះ ដឹកនាំដោយលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប ខេត្តព្រះសីហនុ សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មគណៈកម្មការផ្សារលើ ចុះធ្វើការត្រួតពិនិត្យភាពអនុលោមនៃម្ហូបអាហារ និងណែនាំដល់អាជីវករលក់ដូរតាមតូប ស្តង់ និងតាមហាងទំនិញជុំវិញផ្សារលើ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សកម្មភាពការត្រួតពិនិត្យម្ហូបអាហារមានដូចជា ពិនិត្យទៅលើម្ហូបអាហារស្រស់ ម៉ឹក បង្គារ គ្រឿងកំប៉ុង គ្រឿងទេស ភេសជ្ជៈផ្សេងៗនៅតាមតូចលក់ ស្តង់ទំនិញ និងហាងលក់តាមផ្ទះជុំវិញផ្សារ។
ជាមួយគ្នានេះ លោកប្រធានសាខា បានឲ្យដឹងថា មន្ត្រីបានធ្វើការត្រួតពិនិត្យ និងអប់រំ ផ្សព្វផ្សាយស្តីពី សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមនឹងមុខច្បាប់ដល់អាជីវករ ដែលបាននាំយក និងទទួលមកដាក់លក់នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់ជាដើម។
លោក ឃុន ស៊ីម៉ន បានឲ្យដឹងថា មន្ត្រីនៃការិយាល័យពិសោធន៍ខ្នាតតូចនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ ធ្វើតេស្តបឋមរកសារធាតុ បូរ៉ាក់ និងហ្វ័រម៉ាលីន លើម្ហូបអាហារជាច្រើនមុខ នៅទីតាំងផ្ទាល់ និងបន្តមកវិភាគនៅសាខាបន្ថែម។
ក្រោយចុះពិនិត្យយ៉ាងយកចិត្តទុកដាក់ ជាលទ្ធផលវត្តមានបូរ៉ាក់ បានរកឃើញនៅក្នុងពពុះសណ្តែក និងងៀតត្រីបបែល ក្រោយឃើញបែបនេះ ជំនាញបានធ្វើការដកហូត ពពុះសណ្តែកចំនួន ២.គីឡូក្រាម ងៀតត្រីបបែលចំនួន ៧.គីឡូក្រាម និងបន្តតាមដានរកប្រភពផលិតផ្គត់ផ្គង់ចែកចាយបន្តទៀតផងដែរ។
ប្រធានសាខាបានគូសបញ្ជាក់ថា សកម្មភាពនេះមន្ត្រីជំនាញ តែងតែចុះពិនិត្យដូចភ្លៀងរលឹម ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មន្ត្រីបានពិនិត្យរាល់ទីតាំងលក់ដូរតូចធំ អាហារដ្ឋាន ជាពិសេសទីតាំងផ្សារធំៗក្នុងខេត្តគោលដៅរួមផ្តោតទៅលើអ្នកលក់ និងអ្នកប្រើប្រាស់ ឲ្យយល់ដឹងកាន់តែច្បាស់នូវផលប៉ះពាល់ពីផលិតផល ចំណីអាហារដែលមានផ្ទុកសារធាតុគីមីផ្សេងៗ ជាហេតុធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

























