ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ណែនាំយុវជនកុំលេងបាញ់ទឹក ឬប៉ាតម្សៅ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី តែត្រូវលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាមដើម្បីលើកស្ទួយវប្បធម៌ជាតិខ្មែរ
08-04-2026 14:38
(បន្ទាយមានជ័យ)៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់ខាងមុខនេះ ឧត្តមសេនីយ៍ត្រី សឿមសារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញណែនាំយុវជន យុវនារី កុំលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ តាមទីសាធារណៈដាច់ខាត ប៉ុន្តែយុវជន យុវនារី ត្រូវចូលរួមលេងល្បែងប្រជាប្រិយនៅតាមទីវត្តអារាម ដើម្បីលើកស្ទួយវប្បធម៌ជាតិខ្មែរយើង។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ហាមដាច់ខាតលេងល្បែងស៊ីសង ការលេងល្បែង បាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ...ហើយត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការដុតទៀនធូប ភ្លើងបំភ្លឺដោយអគ្គិសនី គ្រឿងផ្ទុះ គ្រាប់រំសេវដែលមានគ្រោះថ្នាក់អាចបង្កជាអគ្គិភ័យនៅក្នុងផ្ទះបាន។
ស្នងការនគរបាលខេត្ត បានក្រើរម្លឹកសមត្ថកិច្ច ត្រូវពង្រឹងសន្តិសុខឱ្យបានដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឱ្យបានម៉ឺងម៉ាត់ និងចូលរួមពញ្ញាក់ស្មារតីដល់យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេងកម្សាន្ត ត្រូវស្លៀកពាក់ឱ្យបានសមរម្យចេះគោរពច្បាប់ប្រពៃណីខ្មែរ។
សូមបញ្ជាក់ថា ចូលឆ្នាំខ្មែរកន្លងទៅមានជនអគតិមួយចំនួនមកលេង ប៉ាតម្សៅបាញ់ទឹក នៅតាមផ្លូវសាធារណៈ និងសួនមានជ័យប៉ះពាល់ស្ទាប អង្អែលកេរខ្មាសលើ បុគ្គលដទៃមិនស័្មគប្រព្រឹត្តទៅលើកេរ្ដិ៍ខ្មាស កេងចំណេញ ដោយទុច្ចរិត មានការបន្លំ ឬចេតនា លូកលាន់រាងកាយ ឱបថើប បន្លំស្ទាប ប្រដាប់ភេទ ចាប់សុដនស្រី និងលួចយកទ្រព្យសម្បត្តិរបស់គេ ថែមទៀត បើតាមច្បាប់បទល្មើសព្រហ្មទណ្ឌ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ មាត្រា ២៤៥ បើជនណាប្រព្រឹត្តដូចខាងលើនេះបើសមីខ្លួនប្តឹង ជនដែលប្រព្រឹត្តបទល្មើសនោះសមត្ថកិច្ចនិងធ្វើការឃាត់ខ្លួន ដាក់ពន្ធនាគារពី ឆ្នាំ១ទៅ ដល់៣ឆ្នាំ និងធ្វើការផាកពិន័យជាប្រាក់ពី ២០០ ០០០រៀលទៅ ៦ ០០០ ០០០រៀលទៀតផង៕


















