យុវជនមកពីគ្រួសារក្រីក្រ ចំនួន២០០នាក់ ក្នុងខេត្តសៀមរាប ទទួលបានការបណ្តុះបណ្តាលពីជំនាញបដិសណ្ឋារកិច្ចស្របតាមស្ដង់ដារអាស៊ាន

08-04-2026 14:42

(សៀមរាប)៖ ដើម្បីចូលរួមផ្ដល់ឱកាសឱ្យយុវជន ដែលបោះបង់ការសិក្សា ឬបញ្ចប់ការសិក្សាទទួលបានជំនាញមួយ ដែលប្រើប្រាស់រយៈពេលខ្លី ចំណេញពេលវេលា និងទទួលបានបំណិនជីវិតស្របតាមពាក្យស្លោករបស់ក្រសួងទេសចរណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ» អាចទទួលបានប្រាក់ចំណូលជួយខ្លួនផ្ទាល់ និងគ្រួសារសម្រាប់ពេលអនាគត។

ដូច្នេះហើយ សមាគមក្លិបទេសចរណ៍សៀមរាប (STC) នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចស្របតាមស្ដង់ដារអាស៊ាន ជូនយុវជនមកពីគ្រួសារក្រីក្រ ចំនួន២០០នាក់ នៅក្នុងខេត្តសៀមរាប គាំទ្រសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោក សែត កៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប (STC) ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធ និងសិក្ខាកាមជាច្រើនផងដែរ។

លោក ប៉ាក់ សុខុម បានណែនាំ និងជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការពន្យល់ណែនាំ ការបង្វឹក និងការចែករំលែកបទពិសោធន៍ ពីសំណាក់គ្រូបង្គោលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ប្រកបដោយគុណភាព។

លោកបានបន្តថា ទន្ទឹមនឹងនេះ ត្រូវអភិវឌ្ឍ សមត្ថភាព ជំនាញទន់ ដែលចាំបាច់ជាអាទិ៍ ជំនាញភាសា ជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញសហគ្រិនភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ ជាពិសេសការអភិវឌ្ឍវិថីអាជីពការងាររបស់ខ្លួននាពេលអនាគត ក្នុងវិស័យទេសចរណ៍។

លោក ប៉ាក់ សុខុម បានបន្ថែមថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីគ្រប់តួអង្គដែលពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន ហើយការអភិវឌ្ឍមូលធនមនុស្សជាការងារអាទិភាពដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍសមត្ថភាពធនធានមនុស្សមានគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ សំដៅធានាបាននូវការផ្ដល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ភាពកក់ក្ដៅ និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។

លោក ង៉ូវ សេងកាក់ ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ត្រូវមានការតាំងចិត្តខ្ពស់ មានវិន័យក្នុងការសិក្សា និងកុំបោះបង់ឱកាស និងសូមខិតខំរៀនបន្ថែមជំនាញវិជ្ជាជីវៈ ជាភាសាបរទេស ភាសាផ្សេងៗទៀត ព្រមទាំងអភិវឌ្ឍជំនាញទន់ ដូចជា៖ ការទំនាក់ទំនង ការធ្វើការជាក្រុម និងការផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

លោកអភិបាលរង បានបន្តថា ចំណេះដឹង និងជំនាញ ដែលបានមកពីការប្រឹងប្រែង អត់ធ្មត់ក្នុងការសិក្សា នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អនាគត និងជាគន្លឹះសម្រាប់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យកាន់តែរីកចម្រើន។

លោក សែត កៅ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៨ខែ ដោយចាប់ផ្ដើមពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានយុវជនមកពីគ្រួសារក្រីក្រចំនួន ២០០នាក់ បានចូលរួមលើជំនាញ៤ ទាំងទ្រឹស្ដី និងអនុវត្តជាក់ស្ដែងដូចជា ជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញគេហកិច្ច និងជំនាញចុងភៅ។

ជាមួយនេះ លោកបានបញ្ជាក់ថា នេះជាលើកទី៤ហើយ ចាប់តាំងពីឆ្នាំ២០២៣មក ដែលសមាគមបានបណ្តុះបណ្តាលយុវជនលើជំនាញបដិសណ្ឋារកិច្ច ចំនួនសរុប ៧០០រូប ហើយបន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាល ក្នុងនោះដែរ យុវជនទាំងអស់ ក៏ទទួលបានឱកាសការងារទាំង ១០០ភាគរយផងដែរ៕