មនុស្សជាតិមួយភាគធំ អាចនឹងប្រឈមមុខបាតុភូតអាកាសធាតុក្តៅ និងរាំងស្ងួតខ្លាំង ញឹកញាប់ជាងមុន៥ដង នៅត្រឹមចុងសតវត្សរ៍នេះ
08-04-2026 15:28
(ភ្នំពេញ)៖ មនុស្សជាតិមួយភាគធំ អាចប្រឈមមុខនឹងបាតុភូតអាកាសធាតុក្តៅ និងរាំងស្ងួតខ្លាំង ញឹកញាប់ជាងមុន៥ដង នៅត្រឹមចុងសតវត្សរ៍នេះ ពិភពលោកកំពុងស្ថិតនៅលើគន្លងផ្លូវមួយដ៏គ្រោះថ្នាក់។ ប្រសិនបើក្រឡេកមើលទៅលើស្ថានភាព នៃគោលនយោបាយអាកាសធាតុសកលនាពេលបច្ចុប្បន្ន វាអាចនឹងរុញច្រានចំនួនប្រជាជនសកលលោកមួយផ្នែកធំ ឱ្យទៅប្រឈមមុខបាតុភូតអាកាសធាតុក្តៅ និងរាំងស្ងួតខ្លាំងក្នុងពេលដំណាលគ្នា ក្នុងអត្រាញឹកញាប់ជាងមុនដល់ទៅជាង៥ដង នៅត្រឹមចុងសតវត្សរ៍នេះ (បើធៀបទៅនឹងអំឡុងពាក់កណ្តាលដល់ចុងសតវត្សរ៍ទី២០)។
យោងតាមការសិក្សាថ្មីមួយ ដែលត្រូវបានចេញផ្សាយក្នុងទស្សនាវដ្តី Geophysical Research Letters របស់សហភាពភូគព្ភសាស្ត្រអាមេរិក កំណើននៃបាតុភូតដ៏កាចសាហាវនេះនឹងជះឥទ្ធិពលដល់មនុស្សរហូតដល់ ២៨% នៃចំនួនប្រជាជនសកលលោកសរុប។ អ្វីដែលជារឿងគួរឱ្យសង្វេគបំផុតនោះ គឺគ្រោះមហន្តរាយនេះ នឹងផ្តោតការវាយប្រហារជាចម្បងទៅលើបណ្តាប្រជាជាតិក្នុងតំបន់ត្រូពិច ដែលមានប្រាក់ចំណូលទាប ដែលជាប្រទេសមានចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក្នុងប្រវត្តិសាស្ត្រ។
លោកស្រី Di Cai អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យមហាសមុទ្រនៃប្រទេសចិន (Ocean University of China) និងជាអ្នកនិពន្ធឈានមុខនៃការសិក្សានេះ បានពន្យល់ពីយន្តការនៃគ្រោះថ្នាក់នេះថា៖ «កម្តៅ និងភាពរាំងស្ងួត ជំរុញឥទ្ធិពលគ្នាទៅវិញទៅមក។ នៅក្នុងបាតុភូតចម្រុះនៃអាកាសធាតុក្តៅ និងរាំងស្ងួតខ្លាំង កត្តាទាំងនេះបង្កឱ្យមានការរឹតត្បិតលើការប្រើប្រាស់ទឹក និងអស្ថិរភាពនៃតម្លៃស្បៀងអាហារ។ សម្រាប់កម្មករនិយោជិតដែលបម្រើការងារនៅក្រៅអគារ នេះគឺជាស្ថានភាពមួយដ៏គ្រោះថ្នាក់បំផុត»។
នៅពេលកម្តៅ និងភាពរាំងស្ងួតកើតឡើងក្នុងពេលតែមួយ ទំហំនៃវិនាសកម្ម គឺពិតជាមានសភាពធ្ងន់ធ្ងរ លើសពីផលបូកនៃការខូចខាតដែលពួកវាអាចបង្កឡើងដោយឡែកពីគ្នាទៅទៀត។ បាតុភូតចម្រុះនេះ នឹងធ្វើឱ្យហានិភ័យនៃភ្លើងឆេះព្រៃ ការខាតបង់លើទិន្នផលកសិកម្ម និងអត្រាមរណភាពដែលពាក់ព័ន្ធនឹងកម្តៅ កើនឡើងយ៉ាងគំហុក។
បន្សំនៃបាតុភូតអាក្រក់ទាំងនេះ មិនមែនជារឿងអនាគតឆ្ងាយទេ តែវាកំពុងតែកើនឡើងរួចទៅហើយ។ តាមរយៈការបែងចែកផ្ទៃដីផែនដីជាក្រឡាចត្រង្គ និងធ្វើការប្រៀបធៀប អ្នកស្រាវជ្រាវបានរកឃើញថា ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២០ តំបន់ដីគោកនៃផែនដីបានរងគ្រោះដោយសារព្រឹត្តិការណ៍ក្តៅនិងស្ងួតនេះប្រហែល៤ដង ក្នុងមួយឆ្នាំជាមធ្យម ដែលអត្រានេះ គឺញឹកញាប់ជាងប្រហែលពីរដង បើធៀបទៅនឹងសម័យកាលមុនឧស្សាហកម្ម (ចន្លោះឆ្នាំ ១៨៥០-១៩០០)។
ដើម្បីព្យាករណ៍ពីអនាគត ក្រុមការងារត្រូវប្រឈមនឹងការដំណើរការទិន្នន័យរាប់តេរ៉ាបៃ (Terabytes) ដោយវិភាគទៅលើការក្លែងធ្វើគំរូ (Simulations) ចំនួន១៥២ ផ្អែកលើគំរូអាកាសធាតុចំនួន ៨ និងសេណារីយ៉ូផ្សេងៗនៃរបាយការណ៍វាយតម្លៃលើកទី៦ (AR6) របស់ IPCC ដោយផ្តោតលើថ្ងៃដែលមានសីតុណ្ហភាពខ្ពស់ក្នុងចំណាត់ថ្នាក់ ១០% កំពូល គួបផ្សំនឹងភាពរាំងស្ងួតកម្រិតមធ្យមឡើងទៅ។
ជុំវិញភាពស្មុគស្មាញនេះ លោកស្រី Monica Ionita អ្នកជំនាញផ្នែកអាកាសធាតុនៅវិទ្យាស្ថាន Alfred Wegener បានមានប្រសាសន៍ថា៖ «នៅពេលដែលអាកាសធាតុកាន់តែមានភាពច្របូកច្របល់ ការធ្វើការព្យាករណ៍ក៏កាន់តែមានការលំបាក។ វាជារឿងលំបាកខ្លាំងណាស់ក្នុងការតាមដានឱ្យទាន់នូវអ្វីដែលកំពុងកើតឡើងនៅពេលនេះ។ យោងតាមគន្លងផ្លូវបច្ចុប្បន្នរបស់យើង ត្រឹមទសវត្សរ៍ឆ្នាំ២០៩០ មនុស្សជិត ២,៦ពាន់លាននាក់ (២៨%) នឹងត្រូវប្រឈមមុខខ្ពស់នឹងបាតុភូតនេះ ខណៈដែលនៅទសវត្សរ៍ឆ្នាំ ២០៣០ មានត្រឹមតែប្រហែល ៦,៦% ប៉ុណ្ណោះ»។
លោកស្រីបានគូសបញ្ជាក់បន្ថែមថា៖ «នៅពេលដែលប្រជាជនសកលលោកជិតដល់ទៅ៣០ភាគរយ រងផលប៉ះពាល់ដោយសារបញ្ហានេះ វាគឺជាកម្រិតមួយដ៏ធ្ងន់ធ្ងរបំផុត... នៅត្រឹមពាក់កណ្តាល ឬចុងសតវត្សរ៍នេះ កូនៗរបស់ខ្ញុំប្រហែលជាមិនអាចទទួលបានបទពិសោធន៍ជីវិត ដែលខ្ញុំកំពុងមាននៅពេលនេះទេ»។
ព្រឹត្តិការណ៍នេះអាចនឹងកើតឡើងប្រមាណ ១០ដង ក្នុងមួយឆ្នាំនៅត្រឹមចុងសតវត្សរ៍ ហើយអាចអូសបន្លាយពេលដល់ទៅ ១៥ថ្ងៃ (ដែលជាកំណើន ២,៤ ដង និង ២,៧ដង បើធៀបនឹង ២៥ឆ្នាំកន្លងមក)។ អ្វីដែលជាការបញ្ជាក់យ៉ាងច្បាស់នោះគឺ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយសកម្មភាពមនុស្ស គឺជាកត្តាជំរុញតែមួយគត់ ខណៈកម្លាំងធម្មជាតិមិនបានបង្ហាញពីនិន្នាការកើនឡើងណាមួយឡើយ។
ប៉ុន្តែ ភាពអយុត្តិធម៌ដ៏សែនជូរចត់បំផុតនោះគឺ អ្នកដែលបញ្ចេញការបំពុលច្រើនជាងគេ មិនមែនជាអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនោះទេ។ ប្រជាជាតិមានប្រាក់ចំណូលទាបនៅជុំវិញខ្សែអេក្វាទ័រ តំបន់ត្រូពិច និងប្រទេសកោះដូចជា ម៉ូរីស (Mauritius) និង វ៉ានូអាទូ (Vanuatu) នឹងរងគ្រោះអាក្រក់បំផុត។ ជាក់ស្តែង ការបញ្ចេញកាបូនដោយពលរដ្ឋអាមេរិកជាមធ្យមចំនួន ១,២នាក់ ពេញមួយជីវិតរបស់ពួកគេ គឺគ្រប់គ្រាន់នឹងរុញច្រានមនុស្សម្នាក់បន្ថែមទៀតនៅតំបន់រងគ្រោះ ឱ្យទៅប្រឈមនឹងបាតុភូតដ៏កាចសាហាវនេះ។
លោកស្រី Cai បានពោលយ៉ាងចាក់ដោតថា៖ «សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប មានភាពអយុត្តិធម៌ដ៏ធំមួយនៅទីនេះ។ វាជារឿងលំបាកក្នុងការស្វែងរកថវិកាសម្រាប់បំពាក់ម៉ាស៊ីនត្រជាក់។ វាលំបាកក្នុងការផ្តល់មូលនិធិសម្រាប់សេវាថែទាំសុខភាព។ គ្មានប្រព័ន្ធបម្រុងទុករាល់ពេលអស់ទឹកប្រើប្រាស់នោះទេ។ វាមិនមែនត្រឹមតែជាបញ្ហាវិទ្យាសាស្ត្រអាកាសធាតុនោះទេ វាគឺជាបញ្ហាដែលទាក់ទងនឹងជីវិតរស់នៅប្រចាំថ្ងៃជាមូលដ្ឋាន»។
ថ្វីត្បិតតែស្ថានភាពហាក់គួរឱ្យភ័យខ្លាច ការស្រាវជ្រាវបានរកឃើញថា យើងនៅតែអាចបញ្ចៀសហានិភ័យបានយ៉ាងច្រើន ប្រសិនបើយើងធ្វើសកម្មភាពទាន់ពេល។ ប្រសិនបើប្រជាជាតិទាំងអស់អនុវត្តយ៉ាងពេញលេញនូវរាល់ផែនការសកម្មភាព ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Paris Agreement) និងគោរពការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន នោះប្រជាជនដែលប្រឈមមុខនឹងហានិភ័យនេះ នឹងថយចុះមកនៅត្រឹមតែ ១៨% ប៉ុណ្ណោះ។ តួលេខនេះស្មើនឹងមនុស្សប្រហែល ១,៧ពាន់លាននាក់ ដែលមានន័យថាយើងអាចជួយសង្គ្រោះមនុស្សបានជិតមួយភាគបី ពីការធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនេះ។
លោកស្រី Cai បានមានប្រសាសន៍បន្ថែមថា៖ «ជម្រើសដែលយើងសម្រេចធ្វើនៅថ្ងៃនេះ នឹងជះឥទ្ធិពលដោយផ្ទាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សរាប់ពាន់លាននាក់នៅថ្ងៃអនាគត»៕




