ចោទថាជនរងគ្រោះចេះធ្មប់ ប្រើពូថៅកាប់សម្លាប់, កម្លាំងនគរបាលស្រុកស្ទោង ឃាត់ខ្លួន
08-04-2026 15:48
(កំពង់ធំ)៖ កម្លាំងនគរបាលស្រុកស្ទោង ខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ដែលបានកើតឡើងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួននេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ, លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្រុកស្ទោង ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំម្សាក្រង និងឃុំកំពង់ចិនជើង ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ ជឹម រីណា បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩៖១០នាទីព្រឹក មានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនសង្ស័យឈ្មោះ រី រន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រើពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ជា វណ្ណៈ អាយុ៣២ឆ្នាំ មានទីលំនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
មូលហេតុ នៃអំពើឃាតកម្មនេះ គឺផ្តើមចេញពីគំនុំក្នុងចិត្ត ដោយជនសង្ស័យបានចោទប្រកាន់ជនរងគ្រោះថា បានធ្វើអំពើធ្មប់មកលើខ្លួន។
ក្រោយទទួលបានព័ត៌មានភ្លាម អធិការនគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចិនជើង ចុះឡោមព័ទ្ធផ្ទះជនសង្ស័យនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានឃាត់ខ្លួនជនសង្ស័យបានដោយជោគជ័យ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះសមត្ថកិច្ចក៏បានដកហូតពូថៅមួយ ដែលជាវត្ថុតាងប្រើប្រាស់ក្នុងអំពើឃាតកម្មផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ ដោយឡែកសាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យ រួចរាល់ហើយ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕










