បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំលើកទី១ ក្នុងក្របខ័ណ្ឌគណៈកម្មាធិការនៃកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

08-04-2026 15:52

(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការក្នុងក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទាន អាកាសធាតុនៅកម្ពុជា (CCFF) ដែលមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank-KDB), ក្រុមហ៊ុន Mekong Strategic Capital (MSC), និងក្រុមការងារអនុវត្តកម្មវិធីCCFF (CCFF Working Group)។

គោលបំណងនៃកិច្ចប្រជុំ រួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF, (២) ការពិភាក្សាលើការផ្តល់ឥណទានដល់គម្រោងបៃតង, (៣) ការពិនិត្យលើផែនការបញ្ចេញឥណទាន, និង (៤) ទិសដៅជាបន្តបន្ទាប់។

ក្នុងនោះ, លោកបណ្ឌិតក៏បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងារអនុវត្តកម្មវិធី CCFF ក្នុងការពង្រឹង និងពិនិត្យលើការវាយតម្លៃឥណទាន ជាពិសេសយន្តការ និងស្តង់ដារនៃការគណនាឧស្ម័នកាបូនិច ក៏ដូចជាការគិតគូរអោយបានដិតដល់ ចំពោះក្រុមងាយរងគ្រោះ សំដៅដល់ការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងនិរន្តរភាព៕