សហរដ្ឋអាមេរិកផ្តល់ជំនួយ ៣៦លានដុល្លារ ដើម្បីពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា
08-04-2026 16:16
(ភ្នំពេញ)៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (Memorandum of Understanding) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងកិច្ចព្រមព្រៀង ស្តីពីការចែករំលែកទិន្នន័យ (Data Sharing Agreement) ជាមួយ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលលើអនុស្សារណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងចែករំលែកទិន្នន័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ អនុស្សារណៈនៃការយោគយល់គ្នានេះ បានបង្កើតនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី ក្នុងវិស័យសុខាភិបាល, រួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជន។
តាមរយៈ អនុស្សរណៈនៃការយោគយល់គ្នានេះ សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ គាំទ្រដល់កម្មវិធីអាទិភាព សន្តិសុខសុខភាពសកល សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ រួមមាន ជំងឺអេដស៍, ជំងឺរបេង និងជំងឺគ្រុនចាញ់។ បន្ថែមពីលើនេះកិច្ចព្រមព្រៀងចែករំលែកទិន្នន័យបានបង្កើតនូវលក្ខខណ្ឌ ដើម្បីធានាថាទិន្នន័យសុខាភិបាល ដែលត្រូវបានប្រមូល និងចែករំលែកក្រោមកិច្ចព្រមព្រៀងនឹងត្រូវបានគ្រប់គ្រងត្រឹមត្រូវ ដើម្បីធានាឯកជនភាព និងសុវត្ថិភាពទិន្នន័យ។
គោលបំណងសំខាន់នៃអនុស្សារណៈនៃការយោគយល់គ្នា គឺដើម្បីពង្រឹងបន្ថែមនូវការតាមដាន និងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺឆ្លង, បណ្តាញមន្ទីរពិសោធន៍ និងប្រព័ន្ធទិន្នន័យ។ អនុស្សារណៈនៃការយោគយល់គ្នានេះ ក៏បានរួមបញ្ចូលការពង្រឹងប្រព័ន្ធជាតិ និងសមត្ថភាពស្ថាប័នដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះនឹងរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅរបស់កម្ពុជា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់, ការបញ្ចប់ការគំរាមកំហែងដល់សុខភាពសាធារណៈដែលបង្កឡើងដោយជំងឺអេដស៍, ការកាត់បន្ថយអត្រាឈឺ និងអត្រាមរណៈដោយសារជំងឺរបេង ព្រមទាំងការធានាឱ្យបាននូវការរកឃើញ និងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺ។
ក្នុងរយៈពេល ៥ឆ្នាំ រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងផ្តល់ការគាំទ្រក្នុងទំហំហិរញ្ញប្បទានប្រមាណ ៣០លានដុល្លារ អាមេរិក និងចូលរួមដោយបដិភាគរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៥លានដុល្លារអាមេរិក ផងដែរ។ ការណ៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការពង្រឹងសមត្ថភាពកម្ពុជាដើម្បីសម្រេចបានវិស័យសុខាភិបាលដែលប្រកបដោយចីរភាព។
អនុស្សរណៈនៃការយោគយល់គ្នា ក៏ចែងអំពីការបង្កើតគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការសុខាភិបាល (Joint Health Cooperation Steering Committee) ដែលជាយន្តការសម្របសម្រួល និងត្រួតពិនិត្យដើម្បីតាមដាន វឌ្ឍនភាព, តម្រង់ទិសដៅការអនុវត្ត និងពិនិត្យឡើងវិញនូវសកម្មភាពនានាជាប្រចាំ សំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងសង្គតិភាពជាមួយនឹងគោលបំណងរួមនៃភាពជាដៃគូ។
លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទាំងនេះ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអស់ រយៈពេលជាង ៣០ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) សម្រេចបាននូវវឌ្ឍនភាពឆ្ពោះទៅរកការធានានូវអនាគតមួយដែលអាចទប់ស្កាត់ការផ្ទុះឡើង និងរីករាលដាលនៃជំងឺឆ្លង។
ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគីលើវិស័យសុខាភិបាល គឺដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលក្នុងស្រុកឱ្យមានភាពធន់ សំដៅលើកកម្ពស់សុខុមាលភាពប្រជាជនតាមរយៈការបង្ការការរីក រាលដាលនៃជំងឺឆ្លង។
រដ្ឋាភិបាលអាមេរិកមានមោទនភាពក្នុងការបន្តធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពស្ថាប័នក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពសាធារណៈនាពេលបច្ចុប្បន្ន ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់រាល់ការគំរាមកំហែងផ្នែកសុខភាពនានា ដែលអាចនឹងកើតមានឡើងនាពេលអនាគត។
បើតាមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពសំខាន់មួយក្នុង ចំណោមអាទិភាពនៃកិច្ចអភិវឌ្ឍន៍កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សារៈសំខាន់ និងការយកចិត្តទុកដាក់ខ្ពស់ដល់កិច្ច សហប្រតិបត្តិការអភិវឌ្ឍក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងការការពារសុខុមាលភាពរបស់ប្រជាជន សំដៅដល់ការអភិវឌ្ឍមូលធនមនុស្ស។ ការចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រវាង កម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសុខាភិបាល រួមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងការធានាឱ្យបាននូវសមិទ្ធផលក្នុងវិស័យសុខាភិបាលសាធារណៈប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍ដល់ជាតិ និងប្រជាជន។
អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សានូវផលប្រយោជន៍រួមលើវិស័យសុខាភិបាល និងការការពារសុខុមាលភាពរបស់ប្រជាជន ដោយគាំទ្រដល់គោលដៅរយៈពេលវែងក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងចីរភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕






