បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញតុលាការ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៨
08-04-2026 16:17
(ភ្នំពេញ)៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នឹងបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញតុលាការ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៨ ដោយចាប់ទទួលពាក្យចូលសិក្សា ចាប់ពីពីថ្ងៃជូនព័ត៌មាននេះតទៅ។ ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការនេះ នឹងរៀបចំឡើងដោយសាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងមានកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យហ្សង់ម៉ូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង។
កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) មានរយៈពេល ២(ពីរ)ឆ្នាំ។ ក្នុងអំឡុងរយៈពេល ២(ពីរ)ឆ្នាំនេះ និស្សិតនឹងទទួលបាននូវការសិក្សាផ្នែកទ្រឹស្តី ដែលបង្រៀនដោយសាស្ត្រាចារ្យជនជាតិ បារាំង និងខ្មែរ ព្រមទាំងទទួលបាននូវការអនុវត្តជាក់ស្តែង តាមរយៈការចុះកម្មសិក្សា នៅតាមមណ្ឌលសិក្សានានា ដូចជា៖ សាលាជម្រះក្តី ការិយាល័យមេធាវី មន្ទីរសារការី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
បេក្ខជនដែលបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ នឹងទទួលបានសញ្ញាត្រចំនួន ២(ពីរ) គឺ៖
១៖ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ដែលចេញដោយបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌- កម្ពុជា និងដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជណាចក្រកម្ពុជា។
២៖ សញ្ញាបត្រដែលចេញដោយសកលវិទ្យាល័យហ្សង់ម៉ូឡាំង លីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខទូរស័ព្ទ៖ ០៧៨ ៣៣៦ ០០០ ឬ ០៨៩ ២២៦ ៥៥៦៕




