Fresh Exclusive: ពីផែនការណ៍ «កម្ទេចក្នុងមួយយប់» ទៅ «ឈប់បាញ់១៤ថ្ងៃ» ហេតុអ្វីបានជាផ្លាស់ប្តូរភ្លាមៗ?
08-04-2026 16:26
(ភ្នំពេញ)៖ ក្តីព្រួយបារម្ភ នៃផែនការកម្ទេចអ៊ីរ៉ង់ តែមួយយប់ស្របតាមយុទ្ធសាស្ត្រ Back to the Stone Ages ត្រូវបានបញ្ឈប់ទៅវិញភ្លាមៗ នៅប្រមាណជិត២ម៉ោង មុនឱសានវាទឈានមកដល់។ ហេតុអ្វី បានជាផែនការណ៍កម្ទេចនេះត្រូវបានផ្អាកទៅវិញ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅជុំវិញបញ្ហានេះ...
ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង ពិភពលោក បានឃើញការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើលមួយ៖ ពីការគំរាម «កម្ទេចអ៊ីរ៉ង់ក្នុងរយៈពេលមួយយប់» ទៅជាការយល់ព្រមឈប់បាញ់រយៈពេល១៤ថ្ងៃ។ សំណួរធំមួយកើតឡើងភ្លាមៗ តើអ្វីនៅពីក្រោយការប្រែប្រួលភ្លាមៗនេះ?
ការឈប់បាញ់ ១៤ថ្ងៃ មិនមែនជាសន្តិភាពទេ ប៉ុន្តែជាចំណុចបំផុតសំខាន់ក្នុងសង្គ្រាម ជាពេលវេលា ដែលអំណាចយោធា អំណាចថាមពល និងសម្ពាធនយោបាយ នឹងប្រកួតប្រជែងគ្នា ដើម្បីកំណត់ទិសដៅចុងក្រោយនៃសង្គ្រាមអ៊ីរ៉ង់នេះ។
* ច្រកសមុទ្រ Hormuz គន្លឹះសំខាន់នៃការផ្អាកសង្គ្រាម
ការសម្រេចឈប់បាញ់រយៈពេល១៤ថ្ងៃ មិនអាចកើតមានឡើយ បើគ្មានការយល់ព្រមលើការបើកច្រកសមុទ្រ Strait of Hormuz ឡើងវិញ។ ច្រកសមុទ្រនេះ គឺជាខ្សែឈាមសេដ្ឋកិច្ចសកលលោក ដែលប្រមាណ២០% នៃប្រេងពិភពលោកត្រូវឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ក្នុងបរិបទសង្គ្រាម អ៊ីរ៉ង់បានប្រើច្រក Hormuz ជា «អាវុធសេដ្ឋកិច្ច» ដើម្បីដាក់សម្ពាធទៅលើសហរដ្ឋអាមេរិក ខណៈរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ដោយព្រមានធ្វើការវាយប្រហារដ៏ធ្ងន់ធ្ងរ ប្រសិនបើច្រកនេះមិនត្រូវបានបើកឡើងវិញ។ ដូច្នេះ គន្លឹះសំខាន់បំផុតមួយដែលនាំឱ្យមានការយល់ព្រមឈប់បាញ់រយៈពេលពីរសប្តាហ៍ គឺការសន្យារបស់អ៊ីរ៉ង់ ក្នុងការបើកច្រក Hormuz ឡើងវិញ ដោយមានការសម្របសម្រួលជាមួយកម្លាំងយោធារបស់ខ្លួន។
ប្រធានាធិបតីអាមេរិក Donald Trump បានសរសេរលើបណ្តាញសង្គមថា ការសម្រេចផ្អាកការវាយប្រហារនេះ គឺអាស្រ័យលើការយល់ព្រមរបស់អ៊ីរ៉ង់ក្នុងការបើកច្រក Hormuz «ទាំងស្រុងភ្លាមៗ និងដោយសុវត្ថិភាព» បន្ទាប់ពីមានការសន្ទនាជាមួយនាយករដ្ឋមន្ត្រី Shehbaz Sharif និងមេបញ្ជាការយោធា Asim Munir នៃប្រទេសប៉ាគីស្ថាន។ ក្នុងពេលតែមួយនេះផងដែរ ការចរចាបន្តរវាងមន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា គ្រោងធ្វើឡើងដោយផ្ទាល់នៅថ្ងៃទី១០ ខែមេសា ក្នុងទីក្រុង Islamabad ដែលអាចក្លាយជាចំណុចសំខាន់បំផុតសម្រាប់កំណត់ថា ការផ្អាកបាញ់នេះ នឹងនាំទៅសន្តិភាព ឬគ្រាន់តែជាការផ្អាកបណ្តោះអាសន្ន មុនការប្រឈមមុខដំណាក់កាលថ្មី។
* សមត្ថភាពយោធា និងភាពពិតលើសមរភូមិ
ទោះបីជាសហរដ្ឋអាមេរិក និង អ៊ីស្រាអែល មានអំណាចយោធាខ្លាំងជាងអ៊ីរ៉ង់ យ៉ាងណាក៏ដោយ ការគំរាម «កម្ទេចក្នុងមួយយប់» មិនមែនជារឿងងាយស្រួលអនុវត្តឡើយ។ អ៊ីរ៉ង់មិនមែនជាគោលដៅធម្មតា ដូចជាប្រទេសតូចៗមួយចំនួនទេ អ៊ីរ៉ង់មាន៖
- ប្រព័ន្ធការពារអាកាសចម្រុះ និងសមត្ថភាពបាញ់តបត
- បណ្តាញកម្លាំង proxy នៅក្នុងតំបន់ ដែលអាចបើកសមរភូមិច្រើនទិស
- យុទ្ធសាស្ត្រសង្គ្រាមអសមមាត្រ asymmetric warfare ដែលអាចបន្តការប្រយុទ្ធបានយូរ ដែលនឹងធ្វើឱ្យសត្រូវបង់ការចំណាយថ្លៃសង្គ្រាមកាន់តែខ្ពស់។
លើសពីនេះ សង្គ្រាមបានបង្ហាញថា ការវាយប្រហារច្រើនពាន់គោលដៅមិនអាចនាំទៅរក «ជ័យជម្នះលឿន» បានឡើយ។ វាអាចពង្រីកសង្គ្រាមទៅកម្រិតតំបន់កាន់តែធំឡើង។ ដូច្នេះការផ្អាក ១៤ថ្ងៃ គឺជាការទទួលស្គាល់មួយថា សង្គ្រាមនេះ មិនអាចដោះស្រាយដោយយោធាតែប៉ុណ្ណោះបានទេ។ ប៉ុន្តែត្រូវការការចរចា និងយុទ្ធសាស្ត្រនយោបាយជាបន្ថែមទៀត។
* យុទ្ធសាស្ត្របន្ថយសម្ពាធ ដើម្បីរកផ្លូវចេញ
ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ Donald Trump មិនអាចយល់បានភ្លាមៗឡើយ ប្រសិនបើមិនពិចារណាលើសម្ពាធនយោបាយ និងសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេសនោះទេ។ នៅក្នុងស្រុក សង្គ្រាមបានបង្កសម្ពាធខ្លាំងលើសេដ្ឋកិច្ច ជាពិសេសការកើនឡើងនៃតម្លៃប្រេង ដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ការព្រួយបារម្ភអំពីសង្គ្រាមវែងអូសបន្លាយ ក៏កំពុងកើនឡើង ខណៈសម្លេងរិះគន់ពីអ្នកនយោបាយ និងសាធារណជន ក៏កាន់តែពុះកញ្ជ្រោល។ នៅក្រៅប្រទេស សម្ព័ន្ធមិត្តមួយចំនួន មិនចង់ឱ្យមានការវាយប្រហារធំ ដែលអាចបង្កភាពអស្ថិរភាពក្នុងតំបន់។ ប្រទេសនៅមជ្ឈិមបូព៌ា ក៏បានបង្ហាញការព្រួយបារម្ភថា ការឆ្លើយតបយោធាខ្លាំងក្លា អាចនាំទៅរកសង្គ្រាមតំបន់ដ៏ធំធេងមួយ។ ដូច្នេះការឈប់បាញ់រយៈពេល ១៤ថ្ងៃ អាចត្រូវបានយល់ថា ជាយុទ្ធសាស្ត្រមួយក្នុងការបន្ថយសម្ពាធទាំងនេះ ខណៈពេលតែមួយ បើកផ្លូវឱ្យមានការចរចា ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងយុទ្ធសាស្ត្រយូរអង្វែង។
* បង្អួចចរចា និងតួនាទីភាគីសម្របសម្រួល
ការផ្អាកបាញ់រយៈពេល១៤ថ្ងៃ បានបើកផ្លូវឱ្យមានការចរចាផ្ទាល់រវាងភាគីពាក់ព័ន្ធ ដែលត្រូវបានរាយការណ៍ថា នឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាត Islamabad។ ក្នុងដំណើរការនេះ ប៉ាគីស្ថាន Pakistan បាននិងកំពុងដើរតួនាទីជាភាគីសម្របសម្រួលដ៏សំខាន់ ដោយប្រើប្រាស់ទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដើម្បីជំរុញឱ្យភាគីទាំងពីរចូលរួមក្នុងការចរចា។ ការជួបទល់មុខគ្នា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១០ ខែមេសា ខាងមុខនេះ បង្ហាញថា ការចរចាកំពុងឈានដល់កម្រិតថ្មី និងថា ភាគីទាំងពីរ មានចំណាប់អារម្មណ៍ពិតប្រាកដក្នុងការស្វែងរកដំណោះស្រាយ។ ជំនួបខាងមុខនេះ អាចក្លាយជា «ចំណុចសម្រេចចិត្ត» សម្រាប់សង្គ្រាមនេះ ដែលជាផ្លូមួយវនាំទៅកាន់ការបញ្ចប់វិបត្តិ ឬជាផ្លូវដែលនាំទៅកាន់ការបន្តប្រឈមមុខនៅដំណាក់កាលបន្ទាប់។
* លក្ខខណ្ឌ១០ចំណុចរបស់អ៊ីរ៉ង់ ជ័យជម្នះ ឬយុទ្ធសាស្ត្រចរចា?
នៅពេលដែលការផ្អាកបាញ់រយៈពេល១៤ថ្ងៃ កំពុងបើកផ្លូវទៅកាន់ការចរចា អ៊ីរ៉ង់បានអះអាងថា ខ្លួនបានបង្ខំឱ្យសហរដ្ឋអាមេរិក ទទួលយក «ជាគោលការណ៍» លើលក្ខខណ្ឌ១០ចំណុច ដើម្បីបញ្ចប់សង្គ្រាម។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយដោយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
លក្ខខណ្ឌទាំង១០នេះរួមមាន៖
១. ធានាថាអ៊ីរ៉ង់ នឹងមិនរងការវាយប្រហារឡើងវិញ
២. បន្តការគ្រប់គ្រងលើច្រក Hormuz
៣. ទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូម
៤. ដកទណ្ឌកម្មចម្បងចេញទាំងអស់
៥. ដកទណ្ឌកម្មបន្ទាប់បន្សំទាំងអស់ចេញពីអ៊ីរ៉ង់ផងដែរ
៦. លុបចោលដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ប្រឆាំងអ៊ីរ៉ង់
៧. លុបចោលវិធានការរបស់ទីភ្នាក់ងារថាមពលអាតូមមិកអន្តរជាតិ
៨. សងសំណងចំពោះការខូចខាតពីសង្គ្រាម
៩. ដកកងកម្លាំងអាមេរិកចេញពីតំបន់
១០. បញ្ឈប់អរិភាពលើគ្រប់សមរភូមិ (រួមទាំងប្រទេសលីបង់)។
ទោះយ៉ាងណា មិនទាន់មានការបញ្ជាក់ជាផ្លូវការពីសហរដ្ឋអាមេរិក ថាបានយល់ព្រមលើលក្ខខណ្ឌទាំងនេះទាំងស្រុងឡើយ។ ដូច្នេះលក្ខខណ្ឌ ១០ចំណុចនេះ អាចត្រូវបានយល់ថា វាជាសញ្ញានៃជ័យជម្នះក្នុងការផ្សព្វផ្សាយក្នុងស្រុកផង និងជាមូលដ្ឋានសម្រាប់ការចរចាយុទ្ធសាស្ត្រជាមួយភាគីអន្តរជាតិ ផងទៀត។
* អន្ទាក់យុទ្ធសាស្ត្រ ឬ ផ្លូវទៅសន្តិភាព?
ការផ្អាកបាញ់១៤ថ្ងៃក្នុងពេលនេះ បានបង្កើតនូវសំណួរដ៏ធំបំផុតមួយ។ តើវាជាការចាប់ផ្តើមសន្តិភាព ឬជាការរៀបចំសង្គ្រាមដំណាក់កាលថ្មី?
ក្នុងបរិបទនេះ អាចមានសេណារីយ៉ូ២ដែលសំខាន់៖ ១. ច្រកទៅរកសន្តិភាព និងទី២ច្រក នៃអន្ទាក់យុទ្ធសាស្ត្រ។
- ច្រកទី១ នឹងអាចឈានទៅដល់ បើសិនជាការចរចានឹងប្រកបដោយជោគជ័យ ដែលជាជំហាននាំទៅរកការបញ្ឈប់សង្គ្រាមជាបន្តបន្ទាប់ និងឈានដល់ការសម្រេចកិច្ចព្រមព្រៀងរយៈពេលវែងជាមួយគ្នា។
- ច្រកទី២ នៃអន្ទាក់យុទ្ធសាស្ត្រ គឺការឈប់បាញ់១៤ថ្ងៃនេះ អាចត្រូវបានគេប្រើប្រាស់ដើម្បី សម្រួលនិងរៀបចំកម្លាំងឡើងវិញ, បង្កើនសម្ពាធយោធា និងសេដ្ឋកិច្ច និង បន្តសង្គ្រាមនៅក្នុងកម្រិតខ្ពស់ជាងមុន។
ដូច្នេះការផ្អាក ១៤ថ្ងៃនេះ មិនមែនជាចំណុចចុងក្រោយទេ ប៉ុន្តែជាចំណុចសម្រេចចិត្តដ៏សំខាន់បំផុតមួយ។ ក្នុងសង្គ្រាមសម័យថ្មី ការផ្អាកបាញ់ មិនតែងតែមានន័យថា «សន្តិភាព» ទេ ប៉ុន្តែអាចជាផ្នែកមួយនៃយុទ្ធសាស្ត្រធំជាងនេះ។
ជាការពិតណាស់ ការឈប់បាញ់១៤ថ្ងៃ មិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំមួយ ពីការប្រើអំណាចយោធាទៅការប្រើអំណាចចរចា។ ពិតមែនហើយ សំណួរដែលនៅសល់មួយចុង ក្រោយគឺ «តើ១៤ថ្ងៃនៃការឈប់បាញ់នេះ នឹងនាំតំបន់មជ្ឈិមបូព៌ាទៅរកសន្តិភាព ឬក្លាយជាការរៀបចំសង្គ្រាមកាន់តែធំជាងមុនថែមទៀត?»៕














