ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ កោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការបង្ក្រាបបទល្មើស ទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់

08-04-2026 16:28

(ភំ្នពេញ)៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងផ្សព្វផ្សាយទិសដៅ ការងារអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រកាសចូលកាន់តំណែង លោកវរសេនីយ៍ត្រី ផៃ កុសល ជានាយការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ដោយលោកវរសេនីយ៍ឯក ទេព សំផន នាយការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ បានចូលនិវត្តន៍។

កិច្ចប្រជុំបូកសរុបនេះ បានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ លោកនាយការិយាល័យទាំង១១ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសង្កត់ធ្ងន់ដល់មន្រ្តីក្នុងការិយាល័យទាំង១១ ឲ្យមានការសាមគ្គីភាពផ្ទៃក្នុង, អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តតាមគោលការណ៍តាមបញ្ជាថ្នាក់ដឹកនាំ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិន័យនគរបាលជាតិកម្ពុជា ។

លោកនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានក្រើនរំលឹកដល់ លោកវរសេនីយ៍ត្រី ផៃ កុសល នាយការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​ ដែលទើបទទួលភារកិច្ច ហើយលោកនាយការិយាល័យចូលនិវត្តន៍ ត្រូវផ្ទេររាល់ឯកសារ ពិសេសឯកសារការអនុវត្តន៍ដីកា ដែលនៅដក់សល់ ។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ថ្នាក់ដឹកនាំការិយាល័យទាំង១១ និងមន្រ្តីគ្រប់ជំនាញ ដែលបានរួមគ្នាសហការលះបង់ទាំងកម្លាំងកាយ-ចិត្ត ក្នុងស្មារតីទទួលខុសត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានលើកជាទិសដៅដើម្បីយកទៅអនុវត្តបន្តរួមមាន ៖
១-លើកកម្ពស់សមត្ថភាពបច្ចេកទេស និងធនធានមនុស្ស ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន
២-បន្តបង្ក្រាបឲ្យដល់ឫសគល់ ដោយផ្តោតលើការបំបែកមេក្លោង និងបណ្តាញចាត់តាំងធំៗឲ្យបានម៉ឺងម៉ាត់
៣-ពង្រឹងកិច្ចសហការជាតិ និងអន្តរជាតិ ក្នុងការចែករំលែកព័ត៌មាន និងប្រតិបត្តិការរួម
៤-អភិវឌ្ឍសមត្ថភាពបច្ចេកទេស និងធនធានមនុស្សឲ្យសមស្របនឹងស្ថានភាពថ្មី
៥-ពិនិត្យមើលលំហូរឯកសារ ត្រូវបែងចែកការងារអាទិភាព មិនត្រូវទុកឲ្យនៅដក់សល់យូរឡើយ
៦-ពេលចុះប្រតិបត្តិការត្រូវរៀបចំផែនការ បែងចែកអ្នកទទួលខុសត្រូវច្បាស់លាស់ និងត្រូវមានសម្ភារគ្រប់គ្រាន់
៧-ពង្រឹងវត្តមានមន្រ្តីឲ្យបានច្បាស់លាស់តាមការិយាល័យទាំង១១
៨-បន្តពង្រឹងការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ដែលជាផលនៃបទល្មើស ឲ្យស្របតាមប្រតិបត្តិស្តង់ដា SOP ដើម្បីត្រៀមខ្លួនសម្រាប់ការវាយតម្លៃរបស់អង្គការ FATF នៅពេលអនាគត
៩-ពង្រឹងវិន័យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ឥរិយាបទ សុជីវធម៌ ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន ក្នុងនាមជាមន្រ្តីនគរបាលជាតិ៕