គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ នៅក្រុងបាវិត ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams

08-04-2026 17:19

(ស្វាយរៀង)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានឱ្យបានជ្រាបថា កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦, កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងមន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ដោយមានការសម្របបសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងកាស៊ីណូ ហ្គោដិនហ្គាឡាក់ស៊ីកាស៊ីណូ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការនេះ កម្លាំងមានសមត្ថកិច្ច បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ២៤៤នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន ១៨២នាក់, ជនជាតិចិនចំនួន ៤៩នាក់, ជនជាតិកូរ៉េចំនួន ៩នាក់ និងខ្មែរចំនួន ៤នាក់ ព្រមទាំងបានដកហូតវត្ថុតាងនានាជាអាទិ៍៖ ទូរស័ព្ទដៃចំនួន ៥០៥ គ្រឿង, កុំព្យូទ័រលើតុ ចំនួន ១៥០គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង, Monitor ១គ្រឿង, និងរថយន្ត ៤គ្រឿង។ កម្លាំងមានសមត្ថកិច្ចនឹងត្រូវបន្តនីតិវិធីស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងអនុលោមតាមច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ដោយពិនិត្យឃើញថា ក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ដែលមានកាស៊ីណូ ហ្គោដិនហ្កាឡាក់ស៊ី កាស៊ីណូ មានការពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ០៨៦ គ.ល.ក. ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលបានផ្តល់ជូនក្រុមហ៊ុន ខេ ប៊ី អាយ (ខេមបូឌា) ភីអិលស៊ី ស្ថិតនៅផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមរយៈសេចក្តីសម្រេចលេខ០៣២ គ.ល.ក.សសរ ចុះថ្ងៃទី៨ខែ ខែមេសា គ.ស.២០២៦។

ក្នុងយុទ្ធនាការនៃការបោសសម្អាត និងការលុបបំបាត់ឱ្យបានទាំងស្រុងនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា, គ.ល.ក. នឹងប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុតតាមបទបញ្ជារាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបន្តសហការជាមួយលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងកម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរដោយមិនមានករណីលើកលែងចំពោះទីតាំងក្រុមហ៊ុនកាស៊ីណូណាមួយ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ៕