អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ទោះបីភាគីថៃដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១ ក៏ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងបានសម្រេចពេញលេញ
08-04-2026 19:08
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ទោះបីភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពីអនុស្សរណៈឆ្នាំ២០០១ ក៏ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងបានសម្រេចពេញលេញ។
ប្រភពខាងលើ បានឱ្យដឹងដូច្នេះថា ឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការពិចារណារបស់ប្រទេសថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាត សមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០០១ (MOU-2001) អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ដូចខាងក្រោម៖
*ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួម ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការ កំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។
*អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែង កំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។ តាមសេចក្តីចែងនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឯកសារនេះនៅតែមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះត្រូវបានសម្រេចពេញលេញ។
ដូច្នេះ វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី អនុស្សរណៈឆ្នាំ២០០១ ដែលនេះជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការដែលជា មូលដ្ឋានគ្រឹះនៃឯកសារនេះ។
ចំពោះប្រទេសកម្ពុជាវិញ នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈរន្ទះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕






