អាជ្ញាធរស្រុកចិត្របុរី រៀបចំសណ្ដាប់ធ្នាប់ និងណែនាំអ្នកលក់ដូរ ក្រោមស្ពានមេគង្គក្រចេះ ដើម្បីលើកស្ទួយសោភ័ណ្ឌភាពស្ពាន និងបង្ការគ្រោះថ្នាក់ចរាចរណ៍
08-04-2026 20:23
(ក្រចេះ)៖ អាជ្ញាធរស្រុកចិត្របុរី បានចុះរៀបចំសណ្ដាប់ធ្នាប់ និងអប់រំណែនាំលក់ក្រោមស្ពានមិត្តភាពកម្ពុជាចិនមេគង្គក្រចេះ និងអ្នកលក់ដូរលើចំណីផ្លូវសាធារណៈតាមដងផ្លូវលេខ៣៧៧ ក្រចេះឆ្លូង នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីលើកស្ទួយសោភ័ណ្ឌភាពស្ពាន ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។
ការចុះណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវករលក់ដូរនេះធ្វើឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោក សេក រុន អភិបាលរងស្រុកចិត្របុរី។
ក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់នេះ លោក សេក រុន បានផ្សព្វផ្សាយ ណែនាំដល់អ្នកលក់ដូរ លើដីចំណីផ្លូវសាធារណៈ និងអ្នកលក់ដូរក្រោមស្ពានមេគង្គក្រចេះ ដោយតម្រូវឱ្យអ្នកលក់ក្រោមស្ពានទាំងអស់បញ្ឈប់ការលក់នៅក្រោមស្ពាន និងបានធ្វើកិច្ចសន្យាឈប់លក់ដូរលើទីតាំងនេះតទៀត និងត្រូវរើរុះគ្រែ តុ រម៉ក លក់ដូរឲ្យផុតព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
លោកអភិបាលរងបានបន្តថា ក្រុមការងារបានធ្វើកិច្ចសន្យាដល់អ្នកលក់ដូរចំនួន១១នាក់ ដោយក្នុងនោះ ៨នាក់ជាអ្នកលក់ដូងក្រោមស្ពានបានសន្យាឈប់លក់ដូរក្រោមស្ពានតទៀត និង៣នាក់ជាអ្នកលក់ដូរលើចំណីផ្លូវសាធារណៈ បានធ្វើកិច្ចសន្យារុះរើឱ្យផុតពីចំណីផ្លូវ។
លោកអភិបាលរងក៏បានបញ្ជាក់ដែរថា ការចុះរៀបចំសណ្ដាប់ធ្នាប់បែបនេះ ដើម្បីលើកស្ទួយសោភ័ណ្ឌភាពស្ពាននិងអាចបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ជាពិសេសនៅតំបន់នោះមានរថយន្តធំៗបទចុះបទឡើង ៕
















