អ្នកធ្វើការងារលើការអភិរក្សព្រៃឈើ សម្តែងការមិនពេញចិត្ត នៅពេលតុលាការការដោះលែងជនកាប់ទន្ទ្រានដីព្រៃ
09-04-2026 08:05
(ស្ទឹងត្រែង)៖ លោក ហូយ សេរីវឌ្ឍនពិសិដ្ឋ ចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចមិនឃុំខ្លួនបុរស ដែលកាប់ទន្ទ្រានដីព្រៃឡង់យកធ្វើជាកម្មសិទ្ធិ។ ក្រុមអ្នកធ្វើការងារលើការអភិរក្សព្រៃឈើសម្តែងការមិនពេញចិត្ត ចំពោះការដោះលែងជនកាប់ទន្ទ្រានដីព្រៃ។
កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ពេលកំពុងដើរល្បាតមន្ត្រីឧទ្យានុរក្សស្នាក់ការរងអន្លង់ជ្រៃ នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រទះឃើញ បុគ្គលឈ្មោះ ហ៊ីង អូន កំពុងធ្វើសកម្មភាពអារកាត់ឈើដែលកាត់រលំរួច និងកាប់រានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៦ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តស្ទឹងត្រែង ដោយចោទប្រកាន់ឈ្មោះ ហ៊ីង អូន រស់នៅភូមិ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពីបទកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រែ ដើម្បីយកធ្វើជាកម្មសិទ្ធិ។
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាសម្រេចមិនឃុំខ្លួនជនត្រូវចោទឈ្មោះ ហ៊ីង អូន ដោយដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រែដើម្បីយកធ្វើជាកម្មសិទ្ធិ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥១ ចំណុច(ច) នៃក្រមបរិស្ថាន និងធនអានធម្មជាតិ (ជាប់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ)។
ការកាប់ឆ្កាដីព្រៃរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិ គឺជាទង្វើខុសច្បាប់ ហើយក៏ជាការធ្វើឱ្យកាន់តែហិនហោចព្រៃឈើចុងក្រោយរបស់កម្ពុជាផងដែរ។
ក្រុមអ្នកឃ្លាំមើលលើបញ្ហាបរិស្ថាន និងការពារព្រៃឡង់ បានសម្តែងការខកចិត្តនៅពេលជនកាប់ទន្ទ្រានដីព្រៃរបស់មិនត្រូវបានផ្តន្ទាទោសតាមច្បាប់ ហើយនេះក៏ជាការបំផ្លាញនូវទឹកចិត្តរបស់អ្នកដែលប្រឹងប្រែងការពារព្រៃផងដែរ៕












