រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំតុបតែងភ្លើងលម្អយ៉ាងស្រស់បំព្រង និងត្រៀមល្បែងប្រជាប្រិយជាច្រើន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅលើបុរីវប្បធម៌កោះសំពៅមាស

09-04-2026 10:11

(ពោធិ៍សាត់)៖ ក្រោមពន្លឺភ្លើងពណ៌ចម្រុះនាដងវិថី និងសួនច្បារដ៏ស្រស់ត្រកាល នាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមានលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវការរៀបចំតុបតែងភ្លើងលម្អ និងសោភ័ណភាពតាមដងផ្លូវសាធារណៈ ជាពិសេសនៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យ លោកអភិបាលខេត្ត បានបង្ហាញនូវការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានសម្រេចការរៀបចំភ្លើងលម្អយ៉ាងមានសោភ័ណភាព និងទាក់ទាញ។ លោកបានបញ្ជាក់ថា ការរៀបចំនេះមិនត្រឹមតែដើម្បីលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់ជូននូវបរិយាកាសសប្បាយរីករាយ និងភាពកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្ត។

លោក ខូយ រីដា បានលើកឡើងថា យើងទាំងអស់គ្នាចង់ឃើញបងប្អូនប្រជាពលរដ្ឋ មានស្នាមញញឹម និងភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ, បើទោះបីក្នុងកម្រិតណាក៏ដោយ ក៏រដ្ឋបាលខេត្តខិតខំបង្កលក្ខណៈឱ្យអស់ពីលទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមអញ្ជើញមកលេងកម្សាន្តឱ្យបានច្រើនកុះករ និងសូមបងប្អូនជួយថែរក្សាសោភ័ណភាពខេត្ត ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមធុងសំរាមដែលបានរៀបចំ ដើម្បីឱ្យខេត្តយើងស្អាត និងមានផាសុកភាពទាំងអស់គ្នា។

លោកបានឱ្យដឹងថា បើទោះបីជាបណ្តាខេត្តជាប់ព្រំដែន ត្រូវបានរាជរដ្ឋាភិបាលណែនាំមិនឱ្យរៀបចំកម្មវិធីសង្ក្រាន្តខ្នាតធំអធិកអធមខ្លាំងក្លាយ៉ាងណាក្តី ប៉ុន្តែដើម្បីបង្កលក្ខណៈសប្បាយរីករាយសមរម្យជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណីយ៉ាងសម្បូរបែប រយៈពេល ៣ថ្ងៃ នៅលើបុរីវប្បធម៌កោះសំពៅមាស ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ (ចោលឈូង, បោះអង្គុញ, ទាញព្រ័ត្រ...), ការសម្ដែងរបាំប្រពៃណី និងការប្រគំតន្ត្រីបុរាណ សម័យ ដើម្បីកំដរញ៉ាំងបរិយាកាសឱ្យកាន់តែរីករាយ។

ក្នុងនាមរដ្ឋបាលខេត្ត លោកសង្ឃឹមយ៉ាងមុតមាំថា ក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់នេះ បងប្អូនប្រជាពលរដ្ឋនឹងទទួលបាននូវសេចក្តីសុខ សុភមង្គល និងភាពសប្បាយរីករាយជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះជាក់ជាមិនខាន និងជាពិសេសត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីជម្នះរាល់ដំណាក់កាលដ៏លំបាក និងបន្តកសាងជាតិមាតុភូមិឱ្យរុងរឿងរៀងដរាប៕