សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាស្បៀងអាហារ និងថវិកាជាលើកទី២៦ ជូនកុមារកំព្រា គ្រួសារផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង នៅអង្គការសង្គ្រោះជនអស់សង្ឃឹម (Video inside)
09-04-2026 10:19
(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់សហការីនៃកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង ចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកនូវអំណោយមនុស្សធម៌ជាលើកទី២៦ រួមមានស្បៀងអាហារ និងថវិកាចំនួន ១០លានរៀល ព្រមទាំងរៀបចំនំបញ្ចុកដ៏មានឱជារសឈ្ងុយឆ្ងាញ់មួយពេល ជូនដល់បុគ្គលិក កុមារកំព្រា គ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹង ចំនួន ៣៤៣នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍លោក ឆាត់ ថុន នាយកអង្គការសង្គ្រោះជនអស់សង្ឃឹម បានថ្លែងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា អង្គការមាន៣មណ្ឌល សម្រាប់មណ្ឌលកំបូលនេះបច្ចុប្បន្នមានចាស់ជរា ៣១នាក់, គ្រួសារអ្នកផ្ទុកមេរោគអេដស៍១៣គ្រួសារ ស្មើនឹង៣២នាក់, កុមារកំព្រា២០៧ (ស្រី៨៦នាក់), បុគ្គលិក៦១នាក់ (ស្រី៤១នាក់), និស្សិតកំពុងសិក្សា១៦នាក់ (ស្រី៩នាក់) និងនិស្សិតបញ្ចប់បរិញ្ញាបត្រ៩នាក់ (ស្រី៥នាក់)។ សម្រាប់ជាគោលដៅបន្ត គឺបន្តបង្កើនការអប់រំណែនាំក្មេងតទៅទៀត, បន្តទទួលយកកុមារកំព្រា កុមារងាយរងគ្រោះ និងរងគ្រោះ, បន្តទទួលយកយាយៗចាស់ជរា និងបន្តទទួលយកគ្រួសារអ្នកជំងឺអេដស៍។
លោកស្រី ម៉ារី អិន ស្ថាបនិកនិងជាទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម សូមថ្លែងអំណរគុណបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ នឹករលឹកដល់ពួកយើងជានិច្ច យើងខ្ញុំពិតជាគោរពស្រឡាញ់ និងមានក្តីនឹករលឹកដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងខ្លាំង។
ក្នុងឱកាសនោះដែរ លោកស្រី ហួន ចន្ទបូរ៉ា បាននាំនូវប្រសាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ម៉ារី អិន និងនាយកអង្គការ បុគ្គលិក លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់មើលថែទាំនិងផ្តល់ការអប់រំដល់កុមារទាំងអស់ក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមដែលនេះគឺការរួមចំណែកជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ។
នេះជាលើកទី២៦ហើយ ដែលកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភដល់អង្គការសង្គ្រោះជនអស់សង្ឃឹមត្រង់ចំណុចនេះលោកជំទាវបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជានិច្ចជាកាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយសម្រាល និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
ដូច្នេះទន្ទឹមនឹងការជួយគិតគូរនិងសម្រាលបន្ទុកពីកាកបាទក្រហមកម្ពុជា ក៏សូមគិតគូរពីបញ្ហាបរិស្ថាន និងការបែ្រប្រួលអាកាសធាតុព្រោះក្នុងគ្រានេះមានអាកាសធាតុក្តៅ ដូចនេះសូមរួមគ្នាដាំដើមឈើ សន្សំសំចៃទឹក សន្សំសំចៃភ្លើង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវជាពិសេសប្លាស្ទិក ។ ហើយអ្វីដែលជាចំណុចសំខាន់បំផុតទៀតនោះ គឺត្រូវយកចិត្តទុកដាក់ថែទាំសុខភាពម្នាក់ៗឱ្យបានល្អ ដោយរស់នៅត្រូវមានអានាម័យ ស្អាតជានិច្ច ដើម្បីបង្ការជំងឺឆ្លងនានា ពិសេសមិនត្រូវបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ច្រើនពេក អាហារកំប៉ុងច្រើនពេក ជាដើម ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន៤ មានជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ន ។
ជាទីបញ្ចប់លោកស្រីបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងរៀបចំនំបញ្ចុក នៅថ្ងៃនេះ គឺដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនេះជាក្តីស្រលាញ់ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្មួយៗចៅៗ ព្រមជាមួយនឹងបាននាំមកកនូវ អង្ករ ២តោន, មី ២០កេស, ត្រីខ ៣កេស, ទឹកត្រី១០យួរ , ទឹកស៊ីអ៊ីវ១០យួរ , ឆៃពៅ២០កំប៉ុង , ប្រេងឆា៣កេស, ទឹកបរិសុទ្ធ១០កេស, ភេសជ្ជវីកូឡា១០កេស, ក្រូចខ្វិច១១កេស និងថវិកា១០លានរៀល ជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹម។ ជាមួយគ្នានេះជូនចាស់ជរាឥតទីពឹង៣១នាក់ម្នាក់ៗ ថវិកា២ម៉ឺនរៀល។ ក្នុងនោះ ស្បៀង សម្ភារ និងថវិកា ជាអំណោយជារបស់សប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា។ ចំពោះនំបញ្ចុក មានសម្លខ្មែរ សម្លការី និងនំប៉័ង៕

































