រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយ លោកបណ្ឌិត ហុង លីម ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦

09-04-2026 11:07

(ភ្នំពេញ)៖ នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នាពេលខាងមុខនេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ហុង លីម ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសហការី ដើម្បីពង្រឹងកិច្ចសហការនិងបង្កើនគុណភាពការអប់រំទាក់ទងវិស័យទេសចរណ៍។

ក្នុងជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះការចូលរួមសហការរបស់សមាគមសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យទេសចរណ៍។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យអប់រំមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញ និងបង្កើនសមត្ថភាពកម្លាំងការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនរបស់វិស័យទេសចរណ៍នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហការរវាងក្រសួងទេសចរណ៍ និងស្ថាប័នអប់រំ ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ទីផ្សារការងារ៕