ក្រសួងការងារ និងក្រសួងឧស្សាហកម្ម  រួមគ្នាជំរុញការអនុវត្តស្ដង់ដាសុវត្ថិភាពម្ហូបអាហារដល់ម្ចាស់សហគ្រាស SMEs ដើម្បីបង្កើនភាពប្រកួតប្រជែង និងបង្កើតការងារសមរម្យនៅកម្ពុជា

09-04-2026 11:07

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) រួមជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងដៃគូនៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រៀបចំពិធីបើកជាផ្លូវការនូវវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ GHPs/HACCP» នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO។

នាឱកាសនេះ លោកស្រីអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ បានប្រមូលផ្ដុំម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) មកពីរាជធានីភ្នំពេញ ក្នុងវិស័យកែច្នៃចំណីអាហារប្រមាណ ៣០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់ ក្នុងការពង្រឹងសមត្ថភាពដល់ម្ចាស់សហគ្រាសលើស្ដង់ដាសុវត្ថិភាពចំណីអាហារ ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារ និងលើកកម្ពស់ឱកាសការងារសមរម្យសម្រាប់យុវជននៅកម្ពុជា។

លោកស្រី ក៏បានបញ្ជាក់បន្ថែមថា កម្មវិធី DEY ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្ដល់ការគាំទ្រ និងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ឱ្យសម្រេចបាននូវការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកយ៉ាងសំខាន់ តាមរយៈការបង្កើតការងារថ្មីៗ ការកែលម្អលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងការកសាងប្រព័ន្ធចំណីអាហារ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ លោកស្រីអនុរដ្ឋលេខាធិការ ក៏បានរំលេចពីបេសកកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ដើម្បីអភិវឌ្ឍជំនាញឱ្យកាន់តែប្រសើរ និងប្រើប្រាស់យន្តការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការទទួលបានព័ត៌មានពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់ និងព័ត៌មានច្បាស់ការណ៍៕