អ្នកនាំពាក្យនៃក្រសួងការងារ៖ ៤ វិធីងាយស្រួល ដែលអតីតពលករអាចចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ
09-04-2026 11:15
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) បានតាម ៤ វិធី ដើម្បីទទួលបានលិខិតបញ្ជាក់ជំនាញផ្លូវការ ដែលអាចប្រើប្រាស់ក្នុងការស្វែងរកការងារល្អប្រសើរ និងបង្កើនប្រាក់ចំណូលខ្ពស់។
លោក ស៊ុន មេសា បានលើកឡើងថា វិធីទាំង៤នោះមានដូចជា៖ ទី១ ចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង ៩ កន្លែង ក្នុងម៉ោងធ្វើការ,ទី២ ចុះឈ្មោះតាមប្រព័ន្ធអនឡាញតាមអាសយដ្ឋាន https://erpl.mlvt.gov.kh , ទី៣ ទំនាក់ទំនងតាមប្រព័ន្ធឆ្លើយតបបន្ទាន់ (Hotline) លេខ ១២៩៧ និងទី៤ ការស្គែនឃ្យូរកូដ (QR Code)។
លោកបានបន្ដថា៖ «ការបើកឱកាសឱ្យចុះឈ្មោះតាមច្រើនវិធីនេះ គឺដើម្បីធានាថាបងប្អូនអតីតពលករ អាចចូលរួមបានយ៉ាងងាយស្រួល មិនថានៅទីក្រុង ឬតំបន់ជនបទ។ កម្មវិធី RPL នឹងជួយឱ្យពួកគាត់ទទួលបានការទទួលស្គាល់ជំនាញ និងមានឱកាសការងារល្អប្រសើរជាងមុន»។
សូមជម្រាបថា ការចុះឈ្មោះត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ឬលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស (TD) ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតចេញដោយអាជ្ញាធរមានសមត្ថកិច្ច, បណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) ឬលិខិតបញ្ជាក់ថាជាអតីតពលករ, និងរូបថតបច្ចុប្បន្នទំហំ ៤x៦ ថតចំពីមុខ ផ្ទៃពណ៌ស ចំនួន ៣សន្លឹកផងដែរ៕











