រដ្ឋបាលខេត្តបាត់ដំបង៖ រថយន្តក្រុងចំនួន ៧៥គ្រឿង ត្រៀមសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ដោយឥតគិតថ្លៃ
09-04-2026 11:26
(បាត់ដំបង)៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា រថយន្តក្រុងចំនួន ៧៥គ្រឿង ត្រៀមសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ដោយឥតគិតថ្លៃ។
អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូន ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង(City Bus) ចំនួន ៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនសាធារណជនរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមិនបង់ប្រាក់ និងទទួលបានទឹកពិសារបរិសុទ្ធសម្រាប់ការ ធ្វើដំណើរពីបាត់ដំបង-ភ្នំពេញ និងពីភ្នំពេញ-បាត់ដំបង មានដូចខាងក្រោម៖
១៖ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី ភ្នំពេញ-បាត់ដំបង ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២៖ សម្រាប់ប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពី បាត់ដំបង-ភ្នំពេញ ដោយចេញដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីវេលាម៉ោង ៦:៣០នាទីព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក នៅចំណតរថយន្តផ្សារទំនើប ភូ ពុយ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង និងសាធារណជនទាំងអស់មេត្តាជ្រាប ជាព័ត៌មាន និងចូលរួមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាពទាំងអស់គ្នា៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង៖








