ក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញក្រុមរបាំត្រុដិ និងរបាំជូនពរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ

09-04-2026 11:37

(ភ្នំពេញ)៖ លោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញក្រុមរបាំត្រុដិ និងរបាំជូនពរ ដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ នៅវិមានសនៃក្រុមប្រឹក្សាធម្មនុញ្ញ។

របាំត្រុដិ ជាមរតករបស់បងប្អូនជនជាតិសំរ៉ែ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យថា ត្រុដិ គឺពាក្យដើមមកពីភាសាសំស្រ្តឹត ប្រែថាផ្តាច់ ឬ កាត់ផ្តាច់ សំដៅដល់ការផ្តាច់ឆ្នាំ ឬ កាត់ផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី ហើយដែលមានជាប់នាមព្រះរាជពិធីមួយ ហៅថា ត្រិស្ត សង្រ្គាន្ត ជាប់រហូតមកដល់សព្វថ្ងៃ។ របាំត្រុដិ គឺជារបាំតំណាងឲ្យការឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ និងដើម្បីប្រសិទ្ធិនូវសព្ទសាធុការពរជូនដល់អ្នកស្រុក ក្នុងឱកាសមហាសង្ក្រាន្តឆ្នាំថ្មី។

ចំណែកឯ របាំជូនពរ គឺជាទម្រង់របាំបុរាណខ្មែរដ៏វិសេសវិសាល ដែលសម្តែងឡើងដើម្បីកិច្ចស្វាគមន៍ ឬជូនពរជ័យសិរីសួស្តីដល់ភ្ញៀវកិត្តិយស និងក្នុងពិធីបុណ្យប្រពៃណីជាតិ។ របាំនេះមានសម្លៀកបំពាក់ស្រស់ស្អាត ប្រើក្បាច់រាំទន់ភ្លន់ និងត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖

*ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០៖៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក
*ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត
*ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក៕