កម្ពុជា ស្នើឱ្យដៃគូអន្តរជាតិជួយគាំទ្រជំនួយបច្ចេកទេស និងចែករំលែកព័ត៌មាន លើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈការប្រព្រឹត្តបទល្មើសមានបច្ចេកវិទ្យាខ្ពស់ និងស្មុគស្មាញ

09-04-2026 11:44

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានស្នើឱ្យដៃគូអន្តរជាតិជួយគាំទ្រផ្នែកជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលការប្រព្រឹត្តបទល្មើសមានបច្ចេកវិទ្យាខ្ពស់ និងស្មុគស្មាញ។

ការស្នើបែបនេះរបស់លោក បានធ្វើឡើងក្នុងកម្មវិធីធ្វើបទបង្ហាញជូនអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថានបេសកកម្មបរទេស និងដៃគូទាំងអស់ ចំពោះការបន្តកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន។ លោកបានគូសបញ្ជាក់អំពីការកើនឡើងនៃភាពស្មុគស្មាញ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលាតសន្ធឹងហួសពីព្រំដែន ប្រទេស ក៏ដូចជាធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ លើសន្តិសុខសាធារណៈ និងកេរ្តិ៍ឈ្មោះប្រទេសជាតិ។

លោក បានធ្វើការពន្យល់អំពីការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេស ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវលទ្ធផលសំខាន់ៗ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់ និងភាពពាក់ព័ន្ធនៃច្បាប់ថ្មីដែលទើបតែអនុម័ត។ ច្បាប់ថ្មីនេះដាក់ទោសទណ្ឌយ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជាឧបករណ៍គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពមួយ សម្រាប់អាជ្ញាធរអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានេះ។

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានអះអាងថា ការអនុវត្តច្បាប់ថ្មីនេះនឹងមានភាពរឹងមាំ មានតម្លាភាព និងស្របតាមនីតិវិធីត្រឹមត្រូវ ព្រមទាំងធានាបាននូវការការពារពេញលេញក្រោមច្បាប់នេះសម្រាប់អ្នកដែលសហការ ជាមួយអាជ្ញាធរ ក៏ដូចជាជនរងគ្រោះពិតប្រាកដ និងម្ចាស់អចលនទ្រព្យស្លូតត្រង់ផងដែរ។

លោកបានពន្យល់អំពីបញ្ហាប្រឈមផ្នែកបច្ចេកទេសជាច្រើន ដែលប្រទេសកម្ពុជាកំពុងប្រឈម និងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីដោះស្រាយវិធីសាស្ត្រឧក្រិដ្ឋកម្ម ដែលកំពុងវិវត្ត រួមមាន ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រព័ន្ធកូដនីយកម្ម (encrypted platforms) កម្មវិធីសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ឆ្លងដែន និងគម្រោងវិនិយោគក្លែងបន្លំជាដើម។

លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងការឆបោកដែលផ្អែកលើប្រព័ន្ធបច្ចេកវិទ្យានេះនៅតែជាអាទិភាពចម្បង សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកក៏បានសម្តែងនូវទំនុកចិត្តថា ដោយមានកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងត្រូវលុបបំបាត់ទាំងស្រុងពីប្រទេសកម្ពុជា។ លោកបានស្នើឱ្យដៃគូអន្តរជាតិជួយបន្តការគាំទ្រផ្នែកកសាងសមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួន៕