សហគមន៍ជនជាតិដើមភាគតិចកួយ ស្នើមន្ទីរបរិស្ថានខេត្តព្រះវិហារ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា ពីការកាប់ទន្ទ្រានព្រៃឈើអូរស្កាច នៃដែនជម្រកការពារសត្វព្រៃព្រះរការ
09-04-2026 11:55
(ព្រះវិហារ)៖ សហគមន៍ជនជាតិដើមភាគតិចកួយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានស្នើមន្ទីរបរិស្ថានខេត្តព្រះវិហារ ទប់ស្កាត់ឱ្យបានទាន់ពេលវេលាការកាប់ទន្ទ្រានព្រៃឈើអូរស្កាច នៃដែនជម្រកការពារសត្វព្រៃព្រះរការ។
តាមរយៈបណ្តាញសង្គម សហគមន៍ជនជាតិដើមភាគតិចកួយ បានស្នើយ៉ាងដូច្នេះថា៖ «សហគមន៍ជនជាតិដើមភាគតិចកួយ យើងសូមប្រកាសដំណឹងបន្ទាន់មួយ នៅតំបន់អូរស្កាច មានបទល្មើសច្រើនដែលចេញជាក្រុម សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់៩៤) នៃដែនជម្រកការពារសត្វព្រៃព្រះរការ មានភាពសកម្មខ្លាំង ដោយកាប់ឈើយ៉ាងអនាធិបតេយ្យ។ យើងរកឃើញឈើមានឈើគ្រឿង ១២២សន្លឹក សសរ ២៩ដើម ក្ដារ ៦៦សន្លឹកប្រមាណ ៥៥ម៉ែត្រគីប) នូវតំបន់អូរស្កាចជិតវាលស្ដៅ។
សហគមន៍យើងស្នើមន្ទីរបរិស្ថាន ខេត្តព្រះវិហា រទប់ស្កាត់ឱ្យបានទាន់ពេលវេលា, ជាពិសេសមន្រ្តីខិលខូចលួចសម្បតិ្តធនធានធម្មជាតិ ត្រូវតែទទួលទោសមុខច្បាប់ស្ដីពីតំបន់ការពារ។
អ្នកកាប់ឈើច្រើនណាស់នៅក្នុងព្រៃព្រះរការខេត្តព្រះវិហារ។ បើអាចចេញវិធានការថ្ងៃនេះ ដើម្បីយកឈើដែលនៅសេសសល់ពីការជ្រៀក យកទៅធ្វើផ្ទះជូនជនភៀសសឹក ឬអាចធ្វើជាសាលា ឬធ្វើវត្តអារាម ឬធ្វើកន្លែងសហគមន៍ដែលគាត់ខ្វះខាតក៏បាន។ ទីតាំងកាប់ឈើនៅតំបន់អូរស្កាច និងទីតាំងផ្សេងជាច្រើនទៀតក្នុងព្រៃព្រះរការ»៕

















