ថ្នាក់ដឹកនាំខេត្តកែប ជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ

09-04-2026 13:02

(កែប)៖ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មានមកពីបណ្ដា អង្គភាពផ្សេងៗ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តកែប ក្នុងឱកាសដែលមន្ទីរព័ត៌មាន បាននិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ ប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ ជាមួយការសម្តែងរបាំត្រុដិ របស់ក្រុមរបាំនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប ដើម្បីបណ្តេញឧបទ្រពមិនល្អ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំមកនូវសិរីសួស្តី ជ័យមង្គលវិបុលសុខគ្រប់ប្រការ​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ។

នាឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្ត បានលើកឡើងថា វិស័យព័ត៌មាន គឺជាវិស័យមួយដែលជួយគាំទ្រដល់ការអភិវឌ្ឍរបស់ខេត្តកែប និងជាស្ពានចម្លងនូវព័ត៌មានពិត ពីប្រជាជនទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាជន ដែលទាមទាអោយគ្រប់អ្នកសារព័ត៌មាន ត្រូវបុរេសកម្ម សកម្ម អន្តរសកម្ម រួមទាំងការយកចិត្តទុកដាក់ទប់ស្កាត់ ឆ្លើយតបអោយបានទាន់ពេលវេលាលើសាធារណមតិ ដែលមានភាពអវិជ្ជមាន ក្នុងចេតនាធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។

លោកអភិបាលរងខេត្ត បានស្នើឲ្យគ្រប់អ្នកសារព័ត៌មានទាំងអស់ បន្តចូលរូមផ្សព្វផ្សាយនូវសមិទ្ធផលថ្មីៗរបស់ខេត្តកែប អោយបានដល់ប្រជាពលរដ្ឋដោយឈលើក្រមសីលធម៌ វិជ្ជាជីវៈ និងសូមបន្តផ្សព្វផ្សាយ នូវអនុក្រឹតលេខ០៣ និងច្បាប់ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អោយបានទូលំទូលាយ សំដៅលើកកម្ពស់សុខសុវត្ថិភាពប្រជាជននៅក្នុងមូលដ្ឋាន អោយមានភាពកក់ក្តៅ និងមានភាពរីកចំរើន។

នាឱកាសនោះលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានឆ្លៀតឱកាស ចុះចែកអាវការងារព័ត៌មាន ដល់អ្នកសារព័ត៌មានផងដែរ៕