ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងនាំយកអំណោយជូនវីរៈកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ!

09-04-2026 13:05

(ព្រះវិហារ)៖ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រគល់ជូនវីរៈកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

អំណោយដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ សម្ភារសំណង់ និងថវិកាមួយចំនួនធំ រួមទាំងវត្ថុអនុស្សាវរីយ៍តំណាងអត្តសញ្ញាណខ្មែរ មានដូចជា ក្រម៉ា នំអំបុក និងនំខ្ញី ជាច្រើនកំប៉ុង ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់វីរៈកងទ័ព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លើសពីការប្រគល់អំណោយ អ្វីដែលជាចំណុចពិសេស និងរំភើបបំផុត គឺប្រតិភូបានពាំនាំនូវ «សារលិខិតសាកសួរសុខទុក្ខ» ដែលជាសំណេរផ្ទាល់ដៃប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសំណេររបស់លោក ហ៊ុន ម៉ានី ព្រមទាំងសារលិខិតពីបងប្អូនប្រជាពលរដ្ឋ និងបងប្អូនមានពិការភាព ផ្ញើជូនដល់វីរៈកងទ័ព ដើម្បីជាការលើកទឹកចិត្ត និងស្តែងឱ្យឃើញពីការដឹងគុណចំពោះ ពលីកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

នៅក្នុងឱកាសដ៍រំភើបរីករាយនេះលោក សុខ សប្បាយណា បានថ្លែងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ក្ដីស្រឡាញ់ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់គ្រួសារ ស.ស.យ.ក និងលោកប្រធាន ហ៊ុន ម៉ានី ជូនដល់បងប្អូនកងទ័ពគ្រប់ៗរូប។លោកក៏បានបង្ហាញក្ដីរីករាយ ដែលមានឱកាសបានឈរចំពោះមុខ និងថ្លែងអំណរគុណដោយផ្ទាល់ ដើម្បីបានបង្ហាញពីការផ្ដាំផ្ញើ ក្ដីស្រលាញ់ និងការនឹករលឹកចំពោះវីរកងទ័ព។

លោក សុខ សប្បាយណា បានថ្លែងគូសបញ្ជាក់ទៀតថា ក្នុងនាមជាយុវជនជួរក្រោយ គឺចងចាំអស់មួយជីវិតនូវគុណបំណាច់ និងវីរភាពរបស់បងប្អូនកងទ័ព ដែលបានឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារ ជាតិមាតុភូមិ។

លោកបានសង្កត់ធ្ងន់ថា គ្មានបុព្វហេតុ ឬបេសកកម្មណា ដែលថ្លៃថ្លាជាងការការពារជាតិមាតុភូមិឡើយ ដូចនេះសូមបងៗវីរកងទ័ពទាំងអស់ជឿជាក់ថា អ្នកនៅជួរក្រោយមិនដែលភ្លេចបងប្អូនឡើយ ហើយនឹងនៅតែបន្តគាំទ្រ វីរៈកងទ័ពជានិច្ចនិរន្តរ៍។

បន្ថែមលើសពីនេះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅសមរភូមិក្រោយ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងនៅជាប់ជាមួយបងប្អូនកងទ័ពជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ និងការរក្សាបាននូវវិន័យយ៉ាងខ្ជាប់ខ្ជួនរបស់បងប្អូនវីរកងទ័ព ទាំងរបៀបរបបនៃការរស់នៅ បែបផែននៃការស្លៀកពាក់ ក៏ដូចជាសេចក្តីថ្លៃថ្នូរក្នុងនាមជាអ្នកការពារជាតិមាតុភូមិ ដែលស័ក្តិសមជាសសរទ្រូងដ៏រឹងមាំនៃខឿនការពារជាតិ៕