លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នឹងក្លាយជាទស្សនកិច្ចប្រវត្តិសាស្ត្រ (Video inside)

09-04-2026 13:26

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នឹងក្លាយជាទស្សនកិច្ចប្រវត្តិសាស្ត្រ ស្របពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។

ការឱ្យដឹងបែបនេះរបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានធ្វើឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក អេម៉ានុយអែល ម៉ាក្រុង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានលក្ខណៈជាប្រវត្តិសាស្ត្រ ពីព្រោះនៅក្នុងពេលនេះ ក្នុងទំនាក់ទំនងមិត្តភាពយូរលង់កម្ពុជា-បារាំង មានតែប្រធានាធិបតី ម្នាក់គត់ ដែលធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា គឺឧត្តមសេនីយ៍ ដឺហ្គោល នៅឆ្នាំ១៩៦៦ និងបានថ្លែងសន្ទរកថា ដ៏ល្បីល្បាយមួយនៅក្រុងភ្នំពេញ ជាភាសាបារាំង»

គួរឱ្យដឹងថាថ្លែងនាជំនួបជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានអេលីហ្សេ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បញ្ជាក់ថានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាខែវិច្ឆិកា ខាងមុខ ជាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ប្រមុខរដ្ឋបារាំង ថាវាជាឱកាសបន្ថែមក្នុងការពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។

មេដឹកនាំបារាំង បានគូសបញ្ជាក់ថា កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិ បាល ក៏ដូចជាវិស័យបេតិកភណ្ឌ។ លោកលើកឡើងដោយអរគុណចំពោះវត្តមានរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) នៅក្រុងលីយ៉ុង កាលពីថ្ងៃទី៧ ខែមេសា ហើយបន្តពិភាក្សាផ្លាស់ប្តូយោបល់ ជាមួយលោកនៅក្រុងប៉ារីស។

តាមរយៈអង្គការហ្រ្វង់កូហ្វូនី (Francophonie) លោក ម៉ាក្រុង បានគូសបញ្ជាក់ថា កម្ពុជា និងបារាំង បន្តដំណើររួមគ្នា បន្ទាប់ពីកិច្ចកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញនាខែវិច្ឆិកា ដោយលោកនឹងមានវត្តមានផងដែរ។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ៩០ប្រទេស ដើម្បីអបអរហ្វ្រង់កូហ្វូនី។ ចំពោះវិស័យទេសចរណ៍ ព្រឹត្តិការណ៍នេះ គឺជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបារាំង និងពីបណ្តាប្រទេសនិយាយភាសាបារាំង។

សូមជម្រាបថា សម្ដេចបបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីសប្រទេសបារាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០៦នេះ។ ទំនាក់ទំនងកម្ពុជាបារាំងគឺចាប់ផ្ដើមមានប្រវត្តិទាក់ទងគ្នាខ្លាំងចាប់តាំងពីឆ្នាំ១៨៦៣ ពេលដែលកម្ពុជាទទួលយកអាណាព្យាបាលបារាំង មុននឹងប្រគល់ឯករាជ្យមកវិញនៅឆ្នាំ១៩៥៣។ បារាំងក៏ជាអ្នកផ្ដល់ជំនួយដល់កម្ពុជាលើការងារជាច្រើនជាពិសេសការអប់រំ និងកិច្ចការអភិរក្សវប្បធម៌ ប្រទេសនេះក៏ជាតួអង្គសំខាន់នាំយកសន្ដិភាពដល់កម្ពុជាវិញផងដែរ៕