មន្ទីរពេទ្យកាល់ម៉ែត រៀបចំពិធីសូត្រមន្ត បង្សុកូល សុំសេចក្ដីសុខសិរីសួស្តី និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពទៅកាន់សុគតិភព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
09-04-2026 13:51
(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ដើម្បីបណ្ដេញនូវឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យ និងប្រជាជនកម្ពុជាទូទាំងប្រទេស។
លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា «ជារៀងរាល់ឆ្នាំ យើងទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីរពេទ្យកាល់ម៉ែត តែងតែរៀបចំសូត្រមន្ត បង្សុកូល សុំសេចក្ដីសុខសិរីសួស្តីឆ្នាំថ្មី ក្នុងគោលបំណងឧទ្ទិសកុសលជូនទៅដល់បុព្វបុរសទាំងអស់ ដែលបានមរណភាពនៅក្នុងមន្ទីរពេទ្យក្ដី ក៏ដូចជាមន្ត្រីរាជការ ថ្នាក់ដឹកនាំមន្ទីរពេទ្យដែលបានទទួលមរណភាពទៅហើយនោះ និងជាពិសេសគឺវិញ្ញាណក្ខន្ធរបស់វីរកងយុទ្ធជន ដែលបានពលីឈាមស្រស់ សាច់ស្រស់ ដើម្បីការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភព»។
ជាងនេះទៅទៀតមន្ទីរពេទ្យបានខិតខំ និងជួយព្យាបាលវីរយុទ្ធជនយើង ក៏ដូចជាក្រុមគ្រួសារទាំងអស់ ហើយមិនត្រឹមតែព្យាបាលទេ គឺថែមទាំងជួយថែទាំ ការពារសុខភាព ពិនិត្យសុខភាពជាប្រចាំដល់វីរយុទ្ធជនយើង ដើម្បីឱ្យគាត់មានសុខភាពល្អ ក្នុងការងារចូលរួមការពារបូរណភាពទឹកដីរបស់ប្រទេសយើង។
ទន្ទឹមនឹងនេះលោកសាស្រ្តាចារ្យ បានឱ្យដឹងទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ទីរពេទ្យកាល់ម៉ែតតែងតែរៀបចំក្រុមការងារពិសេសសម្រាប់ប្រចាំការទៀងទាត់ ២៤ ម៉ោង លើ ២៤ ម៉ោង គ្រប់ជំនាញទាំងអស់ តាំងពីផ្នែកសង្គ្រោះបន្ទាន់ ពិនិត្យជំងឺដែលមានលក្ខណៈធ្ងន់ ក៏ដូចជាការវះកាត់ ដើម្បីធានាគុណភាព ប្រសិទ្ធភាពនៃការព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។
ជាមួយគ្នានេះលោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវបរិភោគអាហារប្រកបដោយអនាម័យខ្ពស់ ដើម្បីជៀសវាងនូវការឆ្លងជំងឺផ្សេងៗដែលកើតមានឡើង ជាពិសេសគឺជំងឺរាគរូស និងជាពិសេសធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាទីកម្សាន្តនានា ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។
ឆ្លៀតនៅក្នុងឱកាសនេះលោកសាស្រ្តាចារ្យ គង់ សន្យា បានឱ្យដឹងដែរថា អគារទាំងបីរបស់មន្ទីរពេទ្យ បាននឹងកំពុងតែសាងសង់ទៅតាមការកំណត់របស់ក្រុមហ៊ុនសាងសង់ ដោយអគារកណ្ដាលមាន ២៥ ជាន់សម្រេចបាន ១៤ភាគរយហើយ និងការចាក់គ្រោងឡើងទៅលើបានដល់ជាន់ទី ១១ ផងដែរ។ ចំណែកអគារចំណតសម្រេចបាន ៤៥ភាគរយ ដែលក្នុងនោះគឺការចាក់ជាជាន់បានឡើងមកដល់ជាន់ទី ១០ ដោយនៅសល់តែ ៣ជាន់ទៀតប៉ុណ្ណោះ ដូច្នេះយើងសង្ឃឹមថាអគារចំណតនេះនឹងបញ្ចប់ការសាងសង់មុនអគារ ២៥ ជាន់។ ដោយឡែកអគារស៊ីក្លូត្រុងវិញ បានបញ្ចប់ការបុកគ្រឹះ ការខួងសសរ ចាក់សសររួចរាល់អស់ហើយ។ ដូច្នេះអគារស៊ីក្លូត្រុងនេះនឹងបញ្ចប់នៅក្នុងរយៈពេលតែមួយឆ្នាំទៀតប៉ុណ្ណោះ។
ហើយការសាងសង់អគារទាំងបីនេះ គឺក្នុងគោលដៅដើម្បីពង្រីកសេវាព្យាបាលយើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងតាមទាន់ជាមួយប្រទេសជិតខាងដទៃទៀត ដែលយើងរំពឹងថា នឹងអាចទៅដល់ស្តង់ដារមន្ទីរពេទ្យនៅក្នុងតំបន់ ក៏ដូចជានៅក្នុងមន្ទីរពេទ្យអន្តរជាតិប្រទេសផ្សេងៗផងដែរ។ នេះជាការបញ្ចាក់បន្ថែមរបស់លោកសាស្រ្តាចារ្យ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៦។ ដោយថ្ងៃទី១ ត្រូវនឹងអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨នាទីទីព្រឹកជាថ្ងៃចូលឆ្នាំថ្មី, ថ្ងៃទី២ ត្រូវនឹងថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេស ១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃវ័នបត, ចំណែកថ្ងៃទី៣ ដែលនឹងថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័កតរៀងទៅ៕






























