អភិបាលខេត្តតាកែវ ចុះដោះស្រាយផលប៉ះពាល់គម្រោងព្រែកជីក «ហ្វូណនតេជោ» ជូនប្រជាពលរដ្ឋជាង១០០គ្រួសារ នៅស្រុកទ្រាំង
09-04-2026 14:10
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ជូនប្រជាពលរដ្ឋចំនួន១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។
បន្ទាប់ពីបានស្តាប់នូវមតិលើកឡើងនៅសំណូមពរ និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋ លោក វ៉ី សំណាង ក៏បានឆ្លើយតប និងដោះស្រាយភ្លាមៗនូវសំណូមពរទាំងនោះ និងបានជម្រាបឱ្យប្រជាពលរដ្ឋ ជួបជាមួយមន្ត្រីបច្ចេកទេសជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ និងធ្វើការវាស់វែងដីធ្លីជូនឱ្យបានច្បាស់លាស់។
ចំពោះបញ្ហាផលប៉ះពាល់ដីធ្លីដែលស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោ អភិបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលខេត្តនឹងបន្តនីតិវិធីដោះស្រាយសំណងជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងយុត្តិធម៌បំផុត នៅពេលដែលក្រុមការងារចុះអនុវត្តការវាស់វែងជាក់ស្តែងនៅនឹងកន្លែង។
លោក វ៉ី សំណាង បានបន្ថែមថា ថ្នាក់ដឹកនាំខេត្តតាកែវជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសគឺការធានាឱ្យបាននូវតម្លាភាព ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាដែលប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលតែងតែផ្ដល់សំណងឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕




















