ប្រកាសចូលកាន់មុខតំណែងអនុប្រធានមន្ទីរពេទ្យបង្អែក ប្រធាន អនុប្រធានមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ

09-04-2026 14:12

(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរពេទ្យបង្អែក ប្រធាន-អនុប្រធាន មណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ចំនួន ២០រូប និងដោយមានការចូលរួមពីលោក មេឃុំចៅ- ប្រធាន-អនុប្រធានមន្ទីរ និងថ្នាក់ដឹកនាំគ្រប់ផ្នែក ព្រមទាំងមន្រ្តីរាជការក្នុងវិស័យសុខាភិបាលជាច្រើនរូប។

នាឱកាសនោះលោក អ៊ុំ រាត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរសុខាភិបាល ក៏ដូចជាលោកវេជ្ជបណ្ឌិត គ្រូពេទ្យ និងមន្រ្តីរាជការក្នុងវិស័យសុខាភិបាលទាំងអស់ ដែលកន្លងទៅ បានខិតខំប្រឹងប្រែងរួមសាមគ្គីគ្នា យ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារពិគ្រោះ ពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនរើសអើង ឬប្រកាន់និន្នាការអ្វីឡើយ ជាពិសេសលោកវេជ្ជបណ្ឌិត គ្រូពេទ្យ និងក្រុមការងារផ្នែកសុខាភិបាលទាំងអស់ តែងតែលះបង់ ក្លាហាន តស៊ូចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីពិនិត្យព្យាបាលរបួស ក៏ដូចជាព្យាបាលជូនជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាព តាមជំនាញវិជ្ជាជីវៈបានយ៉ាងសស្រាក់សស្រាំគួរជាទីកក់ក្តៅបំផុត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការតែងតាំងមន្រ្តី គឺជាដំណើរការជាប្រក្រតី សម្រាប់ដំណើរការគ្រប់គ្រងមន្រ្តីបំពេញ ការងារប្រចាំថ្ងៃ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការគ្រប់គ្រងមន្រ្តីរាជការ។

យ៉ាងណាមិញការគ្រប់គ្រងមន្រ្តីរាជការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មអំណាច មកឱ្យគណៈអភិបាលរាជធានី ខេត្ត-ក្រុង-ស្រុក តាមរយៈអនុក្រឹត្យលេខ២៤០ អនក្រ.បក ឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងនោះលោកបន្តថា កិច្ចការនេះ រដ្ឋបាលខេត្ត តែងតែបានយកចិត្តទុកដាក់អនុវត្តដោយសុក្រឹត្យ អនុលោមតាមបទដ្ឋានគតិយុត្តជាធរមានពោលគឺ ករណីតែងតាំងគឺត្រូវផ្អែកលើគោលការណ៍មុខតំណែងដែលនៅទំនេរ ដែលត្រូវបំពេញ ទន្ទឹមនឹងនោះក៏ត្រូវផ្អែកលើលក្ខណៈសម្បត្តិ និងឧបនិស្ស័យរបស់មន្រ្តីដែលត្រូវតែងតាំងនោះ ដូចមានក្នុងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌនីមួយៗ ជាបុគ្គលដែលប្រកបដោយគុណវុឌ្ឍ មានសមត្ថភាពដឹកនាំ គ្រប់គ្រង មានគំនិតផ្តួចផ្តើម ក្នុងការអនុវត្តការងារ មានសាមគ្គីល្អ មានគុណធម៌ មានសុខភាពល្អ និងមនសិកាវិជ្ជាជីវៈ ក្នុងនោះ ស្រី្តត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពក្នុងការតែងតាំង ក្នុងមុខតំណែងណាមួយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចដល់ស្រ្តីនៅកម្ពុជា៕