សាកលវិទ្យាធិការង ប៉ែន ច័ន្ទចរិយា៖ អំនួតនៃចំណេះភាសាបរទេស នាំឲ្យខ្មែរមួយចំនួនតូច មិនចង់ប្រើភាសាជាតិ
09-04-2026 14:14
(ភ្នំពេញ)៖ សាកលវិទ្យាធិការង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោកស្រី ប៉ែន ច័ន្ទចរិយា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា អំនួត នៃចំណេះដឹងភាសាបរទេស នាំឲ្យជនជាតិខ្មែរមួយចំនួនតូច មិនចង់ប្រើភាសាជាតិនោះឡើយ។ ទោះយ៉ាងណា លោកស្រី បានបង្ហាញសេចក្តីដឹងគុណបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលហ៊ានសូម្បីលះបង់ជីវិតដើម្បីបង្កើត និងរក្សាឱ្យមានភាសាជាតិមកដល់សព្វថ្ងៃ។
ការលើកឡើងរបស់លោកស្រី ប៉ែន ច័ន្ទចរិយា បន្ទាប់ពីនៅលើបណ្តាញសង្គម មានការប្រតិកម្មខ្លាំង ពាក់ព័ន្ធនឹងការនិយាយមួយឃ្លា មានលាយភាសាខ្មែរពាក់កណ្តាល និងបរទេសពាក់កណ្តាល ហើយក៏មានអ្នកសរសេរសំណេរមួយបន្ទាត់មានលាយភាសាខ្មែរផង និងភាសាបរទេសផង។
លោកស្រី ប៉ែន ច័ន្ទចរិយា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់កម្ពុជាការចេះភាសាបរទេស ការនិយាយបាន ២-៣ ភាសា ជារឿង ធម្មតាទៅហើយ រាប់តាំងពីកុមារតូចៗឡើងទៅ ហើយកូនខ្មែរទៅរៀននៅ បរទេសក៏មានច្រើន កូនខ្មែរដែលរៀនជាមួយនឹងគ្រូជនជាតិបរទេសក៏មានច្រើន។
ដោយឡែក ថ្នាក់ដឹកនាំប្រទេសសម័យបច្ចុប្បន្នស្ទើតែគ្មានទេ ថ្នាក់ដឹកនាំ ដែលមិនចេះភាសាបរទេស ប៉ុន្តែហេតុអ្វីគេមិននិយាយលាយឡំ ពីព្រោះគេឱ្យតម្លៃភាសាជាតិខ្លួន គេដឹងកាល ថាកាលណាគួរប្រើភាសាខ្មែរ កាលណា គួរប្រើភាសាបរទេស។
លោកស្រី ប៉ែន ច័ន្ទចរិយា បានបន្ថែមថា «បើយើងក្រឡេកទៅឆ្នាំ៩០ប្លាយ (សម័យអ៊ុនតាក់) អ្នកចេះភាសាបរទេស ស្តាប់ទៅឡូយ។ គួរអំនួតដែរ តែបើបច្ចុប្បន្នគួរអំនួតជាមួយនឹងអ្វីដែលខ្លួនមាន អំនួតដែលប្រទេសយើងតូច តែមានភាសាផ្ទាល់សម្រាប់ជាតិប្រើ។ (ត្រូវ) ស្គាល់ខ្លួនឯងច្បាស់ តែបើមិនស្គាល់ពីជាតិច្បាស់ ការរស់របស់យើងហាក់ មិនបានធ្វើប្រយោជន៍ដើម្បីជាតិ។ ការឱ្យតម្លៃខ្លួនល្អ តែបើមិនឱ្យតម្លៃជាតិ ស្មើនឹងការបាត់បង់គ្រប់យ៉ាង ព្រោះ យើងបានចូលរួមបំផ្លាញអត្តសញ្ញាណ និងវប្បធម៌ជាតិរួចទៅហើយ»។
លោកស្រីបានបន្តថា «បើមិនដឹងថាភាសាជាតិខ្លួនមានតម្លៃប៉ុណ្ណា អាចសួរត្រឹមបញ្ញាសិប្បនិម្មិត (AI) ក៏បាន ហើយបើចង់ដឹងថាតើការនិយាយច្រឡូកច្រឡំលាយត្រឡប់ចុះឡើងនៃភាសានាំមកនូវគុណវិបត្តិអ្វីខ្លះសម្រាប់ភាសារជាតិ សួរត្រឹមបញ្ញាសិប្បនិម្មិតក៏បាន។ ខ្ញុំសូមដឹងគុណបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលហ៊ានសូម្បីលះបង់ជីវិតដើម្បី បង្កើត និងរក្សាឱ្យមានភាសាជាតិមកដល់សព្វថ្ងៃ»។
សូមជម្រាបថា ភាសា គឺជាធាតុមួយនៃវប្បធម៌ ដែលជាមែកធាងនៃអរិយធម៌។ ភាសា គឺជាឫសគល់ដើមនៃជាតិសាសន៍មួយ ហើយដូនតាខ្មែរ ខិតខំបង្កើតភាសាខ្មែរខ្លាំងណាស់។ សម្រាប់អ្នកជំនាញ ទោះសម័យទំនើបយ៉ាងណា ក៏ភាសាខ្មែរមានគ្រប់ពាក្យសម្រាប់ជំនួសភាសាបរទេសដែរ។
លោកស្រី ប៉ែន ច័ន្ទចរិយា បានកោតសរសើរយ៉ាងខ្លាំងចំពោះកូនខ្មែរទាំងឡាយ ដែលបានបង្ហាញចលនាជួយអភិរក្សអក្សរជាតិ។
គួរជម្រាបដែរថា នៅសម័យអាណានិគម គឺអក្សរខ្មែរ សឹងតែបាត់បង់ទៅហើយ។ ដោយសារវត្តអារាមខិតខំអភិរក្ស ទើបអក្សរខ្មែរបានគង់វង្សមកដល់សព្វថ្ងៃ។ គេឲ្យប្រើប្រាស់អក្សរខ្មែរដោយប្រើការត្រាប់សូរ និងរឹតត្បឹតពុទ្ធសាសនា នោះក៏ព្រោះពេលនោះ ខ្មែរភាគច្រើនចាប់ផ្តើមបរទេសនិយម និយាយខ្មែរលាយបរទេស និងស្លៀកពាក់បែបអឺរ៉ុប។
ចំពោះសង្គ្រាមឆ័ត្រដ៏ឈឺចាប់ ក៏បានកើតឡើង បន្ទាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៤៣ គេបានបង្ខំឲ្យខ្មែរ កែប្រែអក្សរខ្មែរឲ្យទៅជា អក្សរឡាតាំង។ បើកាលនោះខ្មែរមិនតស៊ូ នោះទេ កូនខ្មែរបច្ចុប្បន្ននេះគ្មានថ្ងៃស្គាល់អក្សរខ្លួនឯងនោះឡើយ៕






