ថ្នាក់ដឹកនាំខេត្តតៃនិញ វៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
09-04-2026 14:34
(បាត់ដំបង)៖ លោក ផាម តឹនហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការណែនាំ៥១៥ ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងជំនួបដែលធ្វើឡើង នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។
ជាកិច្ចស្វាគមន៍លោក សុខ លូ បានសម្ដែងក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណគណៈប្រតិភូគណៈកម្មការណែនាំ៥១៥ ខេត្តតៃនិញដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង។
លោកបានជម្រាបគណៈប្រតិភូវៀតណាម ពីស្ថានភាពភូមិសាស្រ្ត ប្រជារាស្រ្ត សេដ្ឋកិច្ច សក្ដានុពល នៃវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសក្រុងបាត់ដំបងត្រូវបានបញ្ចូលជាទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ។
លោកបានរំលេចពីសក្ដានុពលដ៏សំបូរបែបលើវិស័យកសិកម្ម ប៉ុន្តែការវិនិយោគលើការកៃច្នៃនៅមានកម្រិតដែលទាមទារឱ្យមានការវិនិយោគបន្ថែម។
លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការសហការជាមួយភាគីវៀតណាមដើម្បីបន្តរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀត
ណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
លោកបានសម្ដែងការអបអរសាទរចំពោះភាគីវៀតណាមដែលសម្រេចបានជោគជ័យលើការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ និងបក្សនាពេលថ្មីៗនេះ។
លោក ផាម តឹនហ្វា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាសកម្មភាពការទូតប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរផ្លាស់ប្ដូរមតិយោបល់ ពង្រឹងទំនុកចិត្តនយោបាយក៏ដូចជា បន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឱ្យកាន់តែជ្រាលជ្រៅដើម្បីរួមចំណែកពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសវៀតណាម និងកម្ពុជា។
លោកប្រធានគណៈប្រតិភូ បានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍លើគ្រប់វិស័យដែលខេត្តបាត់ដំបងសម្រេចបានក្នុងរយៈពេលកន្លងមកដែលបានបង្ហាញពីតួនាទីជាខេត្តដ៏សកម្មដែលមានស្ថិរភាព និងរីកចម្រើនខ្លាំងក្នុងការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា។
លោកបានចាត់ទុកទំនាក់ទំនងរវាងប្រទេសវៀតណាម និងកម្ពុជា គឺជាទំនាក់ទំនងពិសេសជាប្រវត្តិសាស្រ្ត ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តតៃនិញនិងខេត្តបាត់ដំបងមានតួនាទីដ៏សំខាន់ក្នុងការអនុវត្តន៍គោល នយោបាយរបស់ប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីជីវិត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ភាគីទាំងពីរក៏បានលើកឡើងពីការត្រៀមលក្ខណៈក្នុងការពង្រឹងទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង និងខេត្តតៃនិញ ដើម្បីរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហការប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល កសិកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងខេត្តទាំងពីរផងដែរ៕


































