រដ្ឋមន្រ្តីសង្គមកិច្ច៖ ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម អាចទទួលបានឱកាសស្មើភាពក្នុងការអភិវឌ្ឍជីវិត
09-04-2026 14:44
(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ជនមានពិការភាពទាំងអស់ ជាពិសេសជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម អាចទទួលបានឱកាសស្មើភាពក្នុងការអភិវឌ្ឍជីវិត និងចូលរួមយ៉ាងសកម្មក្នុងសង្គម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលបានសមស្របប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា បច្ចុប្បន្នបរិវត្តកម្មឌីជីថល កំពុងបំប្លែងពិភពលោកយ៉ាងឆាប់រហ័ស ដោយបង្កើតនូវបរិយាកាសថ្មីសម្រាប់សេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងភាពវិជ្ជមាននិងភាពអវិជ្ជមាន។ បច្ចេកវិទ្យានេះ មិនត្រឹមតែជាឧបករណ៍ ទំនើបប៉ុណ្ណោះទេ ប៉ុន្តែជាគន្លងដ៏សំខាន់ក្នុងការកាត់បន្ថយគម្លាតរវាងជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ជាមួយនឹងមនុស្សទូទៅ និងអាចនាំឱ្យមានការរើសអើងនិងវិសមភាពចំពោះជនមាន ពិការភាពអូទីស៊ឹមនិងដោនស៊ីនដ្រូម។ ដោយឡែក បរិយាបន្ន គឺមានន័យថាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ត្រូវបានយកចិត្តទុកដាក់គិតគូរ និងផ្តល់ឱកាសក្នុងការចូលរួម និងទទួលបានផលប្រយោជន៍ពីសកម្មភាពនានានៅក្នុងសង្គមដូចមនុស្សទូទៅ ដោយមិនត្រូវបានទុកចោល ផាត់ចេញ បោះបង់ និងមិនមានការរើសអើង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺ«គ្មាននរណាម្នាក់ត្រូវបានទុកចោល»។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីភាពក្នុងឱកាសទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម កម្ពុជាលើកទី១៣ ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបរិយាបន្នជនមានពិការភាពអូទីសៀម និងដោនស៊ីនដ្ឋមលើគ្រប់វិស័យ» នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ នាទីស្តីការក្រសួងសង្គមកិច្ច។
ក្នុងឱកាសនោះ លោកបានបញ្ជាក់ថា ជាការពិតជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម មានសមត្ថភាពនិងអាចរួមចំណែកជួយសង្គមបាន ប៉ុន្តែពួកគេតែងជួបប្រទះនូវឧបសគ្គមួយចំនួននៅក្នុងសង្គម។ ពួកគេជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងការទទួលបានការអប់រំ បញ្ហាសុខភាព ការស្តារលទ្ធភាពពលកម្ម ទីផ្សារការងារ និងការយល់ដឹងពីសង្គមជាដើម។ បរិវត្តកម្មឌីជីថលនិងបរិយាបន្ន ជាចលករជំរុញភាពជោគជ័យ អាចផ្លាស់ប្ដូរជីវិតជនមានពិការភាពពីអ្នកទទួលជំនួយ ទៅជាអ្នកចូលរួមនិងជាអ្នកបង្កើតតម្លៃក្នុងសង្គម។
ជាមួយនឹងប្រធានបទនៃទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើកទី១៣ ឆ្នាំ២០២៦នេះ ក៏ដូចជាឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច សូមផ្ដល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១៖ សូមបង្កើនការយល់ដឹងអំពីពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ដល់ឪពុកម្តាយ អាណាព្យាបាលសមាជិកគ្រួសារ ឬអ្នកជិតខាងនៅក្នុងសហគមន៍
២៖ ជំរុញលើកទឹកចិត្តនិងគាំទ្រការបង្កើតសាលានិងកម្មវិធីសិក្សាដែលសមស្របសម្រាប់កុមារមានតម្រូវការពិសេស នៅតាមសាលាចំណេះទូទៅរដ្ឋនិងឯកជន រួមទាំងបណ្តុះបណ្តាលជំនាញអប់រំពិសេសដល់គ្រូបង្រៀន
៣៖ បណ្តុះបណ្តាលអ្នកជំនាញឯកទេស ក្នុងការកំណត់ និងវាយតម្លៃប្រភេទពិការភាពអូទីសស្សឹម និងដោនស៊ីនដ្រូម នៅទូទាំងប្រទេស
៤៖ លើកទឹកចិត្ត និងបង្កើនឱកាសដល់ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ក្នុងការទទួលបានការសិក្សាអប់រំ ការបណ្តុះបណ្តាលជំនាញ និងការចូលរួមសកម្មភាពនានាក្នុងសង្គម ជាពិសេសឱកាសក្នុងការទទួលបានការងារសមស្រប
៦៖ ផ្សព្វផ្សាយការយល់ដឹងអំពីពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអ្នករៀបចំគោលនយោបាយ និងអាជ្ញាធរមូលដ្ឋាន
៧៖ ជំរុញនិងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគាំទបច្ចេកទេសនិងថវិកាដល់គម្រោងសកម្មភាពពាក់ព័ន្ធនឹងពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម។
លោក ជា សុមេធី ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងសប្បុរសជននានា ដែលបានជួយគាំទ្រក្នុងការរៀបចំទិវានេះ និងសូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ប្រជាជន សហគមន៍ ព្រះសង្ឃ ព្រឹទ្ធាចារ្យ ក្រុមគ្រួសារ និងជនមានពិការភាពខ្លួនឯងផ្ទាល់ ដែលបានចូលរួមចំណែក ក្នុងការលើកកម្ពស់សិទ្ធិ សុខុមាលភាព និងបរិយាបន្នជនមានពិការភាពអូទីសស្សឹមនិងដោនស៊ីនដ្រូមនៅកម្ពុជា៕







































