ក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
09-04-2026 14:39
(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា ប្រធានក្រុមសមាជិកសភាវ័យក្មេង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំក្រុមសមាជិកសភាវ័យក្មេង ចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាមុខឆាប់ៗនេះ។
ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ លោកប្រធានសមាជិកសភាវ័យក្មេង បានសម្តែងនូវមនោសញ្ចេតនាកតញ្ញូដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមគ្គុទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងបទពិសោធន៍ដ៏សម្បូរបែបរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ដែលជានិច្ចកាលតែងតែផ្ដល់នូវការតម្រង់ទិស និងជាគំរូដ៏ឧត្តុង្គឧត្តមសម្រាប់សមាជិកសភាវ័យក្មេង ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ជាពិសេសក្នុងការជំរុញយន្តការនីតិប្បញ្ញត្តិឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងនាមក្រុមសមាជិកសភាវ័យក្មេង លោកប្រធាន និងក្រុមសមាជិកសភាវ័យក្មេង សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះលោកកិត្តិសេដ្ឋាបណ្ឌិត និងភរិយា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕














