ក្រុមគ្រូពេទ្យឆ្មប នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង អភិវឌ្ឍន៍សមត្ថភាព បង្កើនការជួយសង្គ្រោះមាតា និងទារកប្រកប ដោយប្រសិទ្ធភាព និងឆាប់រហ័ស

09-04-2026 14:41

(កំពង់ឆ្នាំង)៖ ករណីស្ត្រីម្នាក់នៅខេត្តកំពង់ឆ្នាំងឈឺពោះឆ្លងទន្លេនៅលើទូក (កណ្ដាលទន្លេ) ដែលករណីមួយនេះស្ថិតក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់បំផុត ប្រសិនបើគ្មានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ បានទាន់ពេលវេលាទេនោះ។ ករណីនេះដោយសារតែការដំណើរតាមផ្លូវទឹកមក កាន់មន្ទីរពេទ្យជួបការលំបាក និងមានចម្ងាយឆ្ងាយទើបធ្វើ ឲ្យស្ត្រីរងគ្រោះជួបបញ្ហាដូចខាងលើ។

លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ម្តាយ និងទារកដែលត្រូវបានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះការសម្រាលនៅលើទូកកាលពីថ្ងៃទី៨ ខែមេសា ម្សិលមិញនេះ មកដល់រសៀលថ្ងៃទី៩ ខែមេសានេះ មានសុខភាពល្អជាធម្មតាទេ បច្ចុប្បន្នក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់តាមដាន និងពិនិត្យថែទាំទៅលើស្ថានភាព ទាំងម្ដាយ និងទារកយ៉ាងយកចិត្តទុកដាក់បំផុត។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី៨ ខែមេសា មានករណីស្ត្រីម្នាក់រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ធ្វើដំណើរតាមផ្លូវទឹក ដើម្បីមករកសេវាពីក្រុមគ្រូពេទ្យ ប្រាំបីសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង តែចៃដន្យមិនទាន់បានមកដល់មន្ទីរពេទ្យផង ក៏ត្រូវឈឺពោះសម្រាលពាក់កណ្ដាលផ្លូវ (កណ្ដាលទន្លេ) ត្រូវបានសមត្ថកិច្ចទូរសព្ទរាយការណ៍ មកខាងមន្ទីរពេទ្យបង្អែកខេត្ត ខណៈនោះដែរអ្នកគ្រូពេទ្យ ប៉ាល់ ដារិន ជាគ្រូពេទ្យជំនាញឆ្មប និងជាប្រធានសាលសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានប្រញាប់ដឹកនាំក្រុមគ្រូពេទ្យចុះ ទៅជួយសង្គ្រោះ និងធ្វើការសម្រាលនៅលើទូកនោះតែម្ដង ដើ ម្បីជួយសង្គ្រោះជីវិតម្ដាយ និងទារកឲ្យរួចផុតពីគ្រោះថ្នាក់បានដោយជោគជ័យ។

សកម្មភាពប្រកបដោយព្រហ្មវិហារធម៌ខាងលើនេះគឺបង្ហាញពីស្មារតីទទួលខុសត្រូវ និងការពង្រឹងសមត្ថភាពជាក់ស្ដែងរបស់ក្រុមគ្រូពេទ្យឆ្មបនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីធានាថា ក្រុមគ្រូពេទ្យអាចផ្ដល់សេវាប្រកបដោយប្រ សិទ្ធភាព គុណភាព និងការទទួលខុសត្រូវក្នុងការជួយសង្គ្រោះ និងថែទាំសុខភាពមាតា ទារក និងកុមារ ជាពិសេសក្នុងពេលមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយផ្សេងៗ ស្របតាមការអំពាវនាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានអំពាវនាវឲ្យក្រុមគ្រូពេទ្យឆ្មប ខិតខំបង្កើនសមត្ថភាពព្រមទាំងផ្ដល់សេវាប្រកបដោយគុណធម៌ផងដែរ៕