គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង អញ្ជើញចូលគោរពជូនពរលោក វង សូត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
09-04-2026 14:42
(ភ្នំពេញ)៖ គណៈប្រតិភូក្រុមសមាជិកសភាវ័យក្មេង ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានក្រុមសមាជិកសភាវ័យក្មេង បានអញ្ជើញចូលគោរពជូនពរលោក វង សូត អនុប្រធានទី២រដ្ឋសភា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នាវិមានរដ្ឋសភា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ជាមួយកន្រ្កកផ្កាដ៏ស្រស់ស្អាត និងសារលិខិតជូនពរ ក្រុមសមាជិកសភាវ័យក្មេង បានលើកឡើងពីគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់លោក វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងបុព្វហេតុជាតិ និងបានចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមក។ ក្នុងនាមអនុប្រធានទី២ រដ្ឋសភា ជាង២ឆ្នាំកន្លងមកលោក បានចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ស្ថាប័នរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណើរអនុម័តច្បាប់ ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងប្រជាពលរដ្ឋ។
នៅក្នុងសារលិខិតជូនពរ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះលោក វង សូត និងភរិយា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ គណៈប្រតិភូ និងសូមទេវតាឆ្នាំថ្មី តាមជួយថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ព្រមទាំងប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕














