សាលាដំបូងខេត្តតាកែវ និងអយ្យការអមសាលាដំបូង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីទទួលទេវតាឆ្នាំថ្មី

09-04-2026 14:47

(តាកែវ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានធ្វើពិធីរៀបចំសូត្រមន្ត ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ពិធីសូត្រមន្តដើម្បីសុំសេចក្ដីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ មានការអញ្ជើញចូលរួមពីលោក ធាម ច័ន្ទពិសិទ្ធ ប្រធានសាលាដំបូងខេត្តតាកែវនិងលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រមទាំងលោកចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជីមន្ត្រីរាជការអមសាលាដំបូងខេត្តតាកែវជាច្រើននាក់ទៀតផងដែរ។

លោក ធាម ច័ន្ទពិសិទ្ធ និងលោកព្រះរាជអាជ្ញា បានប្រសិទ្ធពរជ័យ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំ សព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់មន្ត្រីរាជការទាំងអស់នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ប្រាជ្ញាវាងវៃ សុខភាពល្អ ពេញបរិបូណ៌ កំលាំងពលំមាំមួន និងសូមឱ្យសម្រេច បានជោគជ័យត្រចះត្រចង់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕