លោក ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលនិងថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តនៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ
09-04-2026 14:47
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះអ្នកស្ម័គ្រចិត្តនៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមយ៉ាងសកម្មក្នុងមូលនិធិសប្បុរសធម៌សម្រាប់គាំទ្រដល់វីរកងទ័ពជួរមុខ និងគ្រួសារជនភៀសសឹកកម្ពុជា នៅទីស្តីការក្រសួង។
យោងតាមរបាយការណ៍របស់ លោក ពិត ករុណា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ជូនថា ក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ បានរៀបចំ និងបង្កើតជាមូលនិធិសប្បុរសធម៌ដើម្បីកៀរគរថវិកា និងសម្ភារសម្រាប់ជួយគាំទ្រដល់វីរកងទ័ព និងជនភៀសសឹក សរុបចំនួន ២លើក យ៉ាងជោគជ័យ ដែលមានអ្នកស្ម័គ្រចិត្តបានចូលរួមចំនួន ១៦៦រូប និងបានរៀបចំលិខិតថ្លែងអំណរគុណជូនដល់សប្បុរសជននានា ដែលបានចូលរួមបរិច្ចាគជូនដល់មូលនិធិសប្បុរសធម៌សរុបចំនួន ៣៤៥លិខិត។
ក្នុងការរៀបចំមូលនិធិសប្បុរសធម៌នេះ ក្រុមការងារបានទទួលថវិកាសរុបចំនួន ៣៧៧ ១៥៤ ០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្ភារសិក្សា ថ្នាំសង្កូវ និងបង្គន់អនាម័យចល័តផងដែរ។ ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារទាំងអស់ខាងលើត្រូវបានប្រគល់ជូនមូលនិធិតេជោការពារព្រំដែនរបស់ សម្តេចតេជោ និងសម្តេចធិបតី និងបែងចែកជូនដល់វីរកងទ័ពជួរមុខ និងគ្រួសារជនភៀសសឹក នៅតាមខេត្តគោលដៅចំនួន ៨ ដែលមានព្រំប្រទល់ជាប់ព្រំដែនថៃ តាមរយៈថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ។
បន្ទាប់ពីស្ដាប់របាយការណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទទាំងអស់ ដែលបានស្ម័គ្រចិត្ត លះបង់ទាំងកម្លាំងកាយ ចិត្ត និងធនធាន ចូលរួមក្នុងមូលនិធិសប្បុរសធម៌ដ៏មានសារសំខាន់នេះ ក្នុងនាមជាសមរភូមិក្រោយនិងជាខ្នងបង្អែកដ៏រឹងមាំ ជួយគាំទ្រដល់សមភូមិមុខ។
លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា កាយវិការដ៏ប្រពៃនេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់ ក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍជនបទ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាសប្បុរជននានា ក្នុងស្មារតីខ្មែរតែមួយ ដើម្បីផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តជូនដល់បងប្អូនវីរកងទ័ពជួរមុខកម្ពុជា ដែលឈរជើងតតាំងនឹងខ្មាំងសត្រូវយ៉ាងអង់អាចក្លាហានតាមបន្ទាត់ព្រំដែនក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ លើសពីនេះទៀត ការរៀបចំមូលនិធិសប្បុរសធម៌នេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីសាមគ្គីភាព ការរួបរួមគ្នាជាធ្លុងមួយ ឈរលើស្មារតីជាតិនិយម របស់ក្រុមគ្រួសារមន្រ្តីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយតម្កល់ប្រយោជន៍ជាតិជាធំ។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី បានអំពាវនាវចំពោះអង្គពិធីទាំងមូល បន្ដជឿជាក់លើវីរកងទ័ពកម្ពុជា និងបន្ដជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនដល់ក្រុមអ្នកស្ម័គ្រចិត្តនៃក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ក្នុងបរិយាកាសស្និទ្ធសា្នល សាមគ្គីភាព និងភាតរភាពយ៉ាងក្រៃលែង៕



























