ឥណ្ឌាពិចារណាលែងសត្វពស់ និងក្រពើ ដាក់នៅតាមបណ្តោយព្រំប្រទល់បង់ក្លាដែស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់
09-04-2026 14:51
(ញូវដេលី)៖ កាលពីថ្ងៃពុធ ទី៨ ខែមេសា កងកម្លាំងសន្តិសុខព្រំដែននៃប្រទេសឥណ្ឌា បាននិយាយថា ឥណ្ឌាកំពុងពិចារណាលែងសត្វពស់និងក្រពើ នៅតាមបណ្តោយព្រំប្រទល់របស់ខ្លួន ជាប់ជាមួយប្រទេសបង់ក្លាដែស ដើម្បីទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បង់ក្លាដែសសឹងតែព័ទ្ធជុំវិញទាំងស្រុងដោយឥណ្ឌា ខណៈព្រំប្រទល់ប្រទេសទាំងពីរ លាតសន្ធឹងប្រវែងជាង៤០០០គីឡូម៉ែត្រ ហើយមួយផ្នែកធំ គឺមិនមានរបងខណ្ឌចែកទេ។ លោក Manoj Barnwal មន្រ្តីសន្តិសុខព្រំដែនជាន់ខ្ពស់នៅរដ្ឋ Kolkata ក្បែរព្រំប្រទល់បង់ក្លាដែស បានឱ្យដឹងដូច្នេះថា «ពួកយើងត្រូវបានស្នើឱ្យសិក្សាអំពីលទ្ធភាព នៃការដាក់ពង្រាយប្រភេទសត្វល្មូន ដូចជាពស់ឬក្រពើ នៅតំបន់ងាយលិចទឹក តាមបណ្តោយព្រំដែនដែលមិនមានរបង ត្រង់កន្លែងដែលការសង់របង គឺមិនអាចធ្វើទៅរួច ឬមិនមានប្រសិទ្ធភាព»។ ព្រំប្រទល់រវាងឥណ្ឌា និងបង់ក្លាដែស ស្ថិតនៅចំតំបន់ Sundarbans ដែលជាព្រៃកោងកាងធំបំផុតរបស់ពិភពលោក។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងញូវដេលីនិងទីក្រុងដាក្កា បានធ្លាក់ដុនដាប ក្រោយបដិវត្តន៍កាលពីឆ្នាំ២០២៤ នៅបង់ក្លាដែស ដែលបានបិទបញ្ចប់ការកាន់អំណាចរបស់អតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ដែលបានរត់ភៀសខ្លួនមកឥណ្ឌា។ ឥណ្ឌាបានសងរបងព្រំដែនប្រវែងរាប់រយគីឡូម៉ែត្រ ហើយចាប់ខ្លួនជនជាតិបង់ក្លាដែសជាច្រើននាក់ ដែលព្យាយាមរត់ឆ្លងដែន ក្រោយការផ្តួលរំលំលោកស្រី Hasina៕







