សារលិខិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ធ្លាក់ទៅលើដៃយោធាទិស​ខេត្តព្រះវិហារ, តើលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរអ្វីខ្លះជូនកងទ័ព?

09-04-2026 15:37

(ភ្នំពេញ)៖ ក្រុមយុវជនមួយក្រុមកាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធីទទួលក្រមា និងសរសេរសារជូនពរផ្ញើទៅកាន់កងទ័ពជួរមុខមុខ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមសរសេរសារជូនទៅកង​ទ័ពជួរ​មុខផងដែរ។

សារលិខិតរបស់លោកជំទាវបណ្ឌិត ត្រូវបានចែកចំយោធាឈ្មោះ វី រស្មី ជាដែរ​កំពុង​ឈរជើងការពារនៅទិសខេត្តព្រះវិហារ។ យោធារូបនេះ ចាត់ទុកសាររបស់លោកជំទាវ​បណ្ឌិត ​​ជា​សារ​ដ៏​មាន​អត្ថន័យ​​ ​​​​​និងនឹករលឹក អានហើយរំភើប​ ក្តុកក្តួល​ខ្លាំង​។

ខាងក្រោមនេះ ជាសារលោកជំទាវបណ្ឌិត ដែលបានសរសេរលើលិខិតជូនទៅយោធា​កំពុង​ឈរជើងការពារជាតិ៖

ជូនចំពោះបងៗ និងប្អូនៗកងទ័ព និងប៉ូលិសនៅជួរមុខ។ ជាដំបូងបងសូមអរគុណដល់បងៗ និងប្អូនៗទាំងអស់ ដែលបានលះបង់ ចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាពលរដ្ឋ ការពារទឹកដី និងប្រទេសមួយនេះ។ អរគុណចំពោះការលះបង់គ្រប់យ៉ាង យកជីវិតឈរពាំងការពារពួកយើងដែលនៅជួរក្រោយ។

បងសូមផ្ញើការនឹករលឹក ការស្រឡាញ់ដល់បងប្អូន ដែលនៅជួរមុខទាំងអស់។ មានពាក្យពេចន៍ជាច្រើន ដែលបងស្រីម្នាក់នេះ ចង់អរគុណដល់បងប្អូនទាំងអស់គ្នា។ បងសង្ឃឹមថា ពេលដែលប្រទេសយើងមានសុខសន្តិភាពវិញ បងប្អូនត្រឡប់មកជួបជុំគ្រួសារវិញ។ យើងអាចនឹងជួបគ្នា ហើយពាក្យពេចន៍ទាំងនោះ បងអាចប្រាប់បងប្អូនដោយផ្ទាល់។ សូមឱ្យទេវតាឆ្នាំថ្មី តាមថែរក្សាបងប្អូនឱ្យមានសុវត្ថិភាព ឆាប់បានត្រឡប់មកជួបជុំគ្រួសារវិញ៕