អ្នកនាំពាក្យនៃក្រសួងការងារ អំពាវនាវដល់អតីតពលករដែលធ្វើការងារខាងសំណង់ថៃ ចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ
09-04-2026 16:27
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនអតីតពលករមកពីប្រទេសថៃមកចុះឈ្មោះធ្វើតេស្ដវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL)ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ដើម្បីបំប្លែងបទពិសោធជាក់ស្តែងឱ្យទៅជាវិញ្ញាបនបត្រទទួលជំនាញផ្លូវការ។
ការអំពាវនាវបែបនេះរបស់ លោក ស៊ុន មេសា បានថ្លែងនៅថ្ងៃទី០៩ ខែមេសានេះថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់បងប្អូនអតីតពលករមកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើងទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញបងប្អូនអតីតពលករខ្មែរដែលធ្លាប់មានពីមុនមកនៅប្រទេសថៃ។
លោកបានបន្តថា មុខជំនាញដែលគ្រោងអនុវត្តមានចំនួន ៨មុខជំនាញ នៅក្នុងវិស័យសំណង់ ដែលពួកគាត់អាចយកទៅប្រើប្រាស់ ដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។ ជំនាញទាំង ៨នោះរួមមាន ការងារកំបោរ (រៀបឥដ្ឋនិងបូក) ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងាររន្ទា ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «ការចុះឈ្មោះធ្វើតេស្ត RPLដោយឥតគិតថ្លៃនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីថៃ គឺយើងផ្តល់ឱកាសដល់ពួកគាត់ដែលមានជំនាញពិតប្រាកដ ប៉ុន្ដែមិនទាន់មានការទទួលស្គាល់មុខជំនាញជាផ្លូវការ ឬគុណវុឌ្ឍិរបស់ពួកគាត់»។
លោក ស៊ុន មេសា បានបន្ថែមថា សម្រាប់អតីតពលករមកពីប្រទេសថៃ នឹងទទួលបានការស្គាល់សមត្ថភាព មានឱកាសការងារល្អ ទទួលបានប្រាក់ចំណូលខ្ពស់ និងក្លាយជាបុគ្គលិកក្នុងប្រព័ន្ធ ដែលនឹងទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ក៏ដូចជាបង្កើនជំនឿចិត្តលើខ្លួនឯង ក៏ដូចជាជំរុញការសិក្សាពេញមួយជីវិត។
សម្រាប់អ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញបុគ្គលិកភ្លាមៗ ដើម្បីកាត់បន្ថយការចំណាយទៅលើការបណ្តុះបណ្តាលបុគ្គលិកដែលមានជំនាញស្រាប់ ធានាស្តង់ដា គុណភាពការងារ និងបង្កើនទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករដែលមានជំនាញស្តង់ដាខ្ពស់ផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
បើតាមក្រសួងការងារ បានឱ្យដឹងថា ក្រសួងគ្រោងនឹងចាប់ផ្តើមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដល់អតីតពលករមកពីប្រទេសថៃក្នុងជំហានទី១ ជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ។
ចំពោះការធ្វើតេស្ដនេះ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពទាំង៩ រួមមាន៖ ១៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧៖ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨៖វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ៕











