វិស័យឯកជន គាំទ្ររដ្ឋាភិបាលក្នុងការរៀបចំធ្វើតេស្តទទួលស្គាល់ជំនាញពីមុន សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ
09-04-2026 16:29
(ភ្នំពេញ)៖ វិស័យឯកជននៅកម្ពុជា បានបង្ហាញការគាំទ្រជាខ្លាំងចំពោះរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) សម្រាប់បងប្អូនអតីតពលករត្រឡបមកពីប្រទេសថៃ ដើម្បីទទួលស្គាល់ជំនាញផ្លូវការ ទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់ជាងមុន។
លោក សាយនី យូសន នាយកគ្រប់គ្រងក្រុមហ៊ុនសាងសង់ Sayny E&C បានឱ្យដឹងថា RPL គឺជាកម្មវិធីដ៏ល្អមួយសម្រាប់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ខណៈដែលវិស័យឯកជនបាននឹងកំពុងរង់ចាំទទួលដោយក្ដីរីករាយ។ លោកបន្តថា កម្មវិធីនេះក៏បានឆ្លើយតបក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដែលត្រូវបានទទួលស្គាល់ជំនាញផងដែរ។
លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យក្រសួងមានការចេញលិខិតថាឈ្មោះនេះៗ បានឆ្លងកាត់វគ្គនេះៗ អ៊ីចងមកវាធូ ហើយទី២ អ្នកដែលឆ្លងកាត់ចឹងៗពេលខ្លះ គាត់ក៏មានអារម្មណ៍មួយថាធ្វើអីគិតពីរឿងសុវត្ថិភាព គិតអីធ្វើពីជំនាញរបស់គាត់ពិតប្រាកដ»។
លោក គា សារិទ្ធ ទីប្រឹក្សាផ្នែកសាងសង់ នៃក្រុមហ៊ុនបុរីវីឡាទួលសង្កែ បានលើកឡើងថា កម្មវិធីកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុននេះគឺជាទំនុកចិត្តសម្រាប់វិស័យឯកជន និងជាការបង្កលក្ខខណៈងាយស្រួលក្នុងការជ្រើសរើសកម្លាំងជំនាញពិតប្រាកដសម្រាប់ផលិតកម្មការងារ។
លោកបានបន្ដថា៖ «បើនិយាយពីប្រទេសកំពុងអភិវឌ្ឍដូចប្រទេសយើង កម្មវិធីហ្នឹងល្អ ព្រោះបានបែងចែកច្បាស់លាស់ ប្រទេសអភិវឌ្ឍគឺដោយសារតែអ្នកជំនាញ បើជំនាញហ្នឹងខ្លាំងទាំងអស់គ្នា ប្រទេសហ្នឹងរីកចម្រើន បានន័យថា រោងចក្រចូលមក ស្អីៗជំនាញទាំងអស់ ចឹងអ្វីដែលបងប្អូនអតីតពលករមកពីថៃដែលខ្ញុំគិត យើងល្អវិញ ដោយសារអី យកជំនាញប្រទេសដែលគេជឿនលឿន យកមកអភិវឌ្ឍប្រទេសយើង»។
សូមបញ្ជាក់ថា ការគាំទ្ររបស់វិស័យឯកជនបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសួនអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សា និងធ្វើជាសាក្សីលើការអនុវត្តកម្មវិធី RPL ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL៕














