សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល សូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅក្រុមប្រឹក្សាធម្មនុញ្ញ
09-04-2026 18:41
(ភ្នំពេញ)៖ លោក ហ៉ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បាននិមន្ត សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅវិមានសនៃក្រុមប្រឹក្សាធម្មនុញ្ញ។
ពិធីសូត្រមន្តចម្រើនព្រះបរិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដើម្បីបណ្ដេញឧបទ្រពចង្រៃពីឆ្នាំចាស់ ប្រោះព្រំលើករាសី និងទទួលសិរីសួស្ដី ជោគជ័យ សេចក្ដីសុខសប្បាយសម្រាប់ឆ្នាំថ្មី។ ពិធីនេះច្រើនតែធ្វើឡើងមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី ប្រកបដោយភាពរីករាយ។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖
*ថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ មហាសង្ក្រាន្ត វេលាម៉ោង ១០៖៤៨នាទីព្រឹក ជាថ្ងៃចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក *ថ្ងៃពុធ ១៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាវារៈវ័នបត *ថ្ងៃព្រហស្បតិ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ជាវារៈឡើងស័ក គម្រប់សង្ក្រាន្ត ៣ថ្ងៃ ចប់ដោយបរិបូណ៌ ចូលឆ្នាំមមី អដ្ឋស័ក។
គួរជម្រាបថា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក៏បានអញ្ជើញក្រុមរបាំត្រុដិ របាំឆៃយ៉ាំ និងរបាំជូនពរ ដើម្បីអបអរ ពិធីបុណ្យចូលឆ្នាំថ្មី និងកម្ចាត់ឧបទ្រពចង្រៃ នៅវិមានសនៃក្រុមប្រឹក្សាធម្មនុញ្ញផងដែរ៕
























