ថ្នាក់ដឹកនាំខេត្តកំពត និងតំណាងក្រសួងការពារជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពលី នៅស្រុកទឹកឈូ ក្រោយរងរបួសក្នុងពេលប៉ះទង្គិចរវាងកម្ពុជា-ថៃ

09-04-2026 21:30

(កំពត)៖ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានគណៈកម្មការចំពោះកិច្ចរៀបចំបុណ្យសពជូនវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ ដើម្បីគោរពវិញ្ញាណក្ខន្ធ និងបូជាសពលោកអនុសេនីយ៍ត្រី ស៊ុន ចាន់ដុក មេបញ្ជាការកងអនុសេនាតូចដឹកជញ្ជូន នៅអង្គភាពវរសេនាតូចលេខ៣៩៣ កងពលតូច អន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក ក្រោយរងរបួសក្នុងការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា-ថៃ ហើយបានមកសម្រាកព្យាបាលនៅគេហដ្ឋានក្នុងស្រុកទឹកឈូ ខេត្តកំពត។

ពិធីបុណ្យសពនេះ ត្រូវបានរៀបចំធ្វើឡើងនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅគេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិទឹកក្រហម ឃុំកណ្ដាល ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងបរិយាកាសប្រកបដោយសមានទុក្ខ ដ៏ក្រៀមក្រំនោះ លោក ម៉ៅ ធនិន បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបាននាំយកថវិកា រួមនឹងលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសព និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពវីរកងទ័ព ដែលបានពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបានសម្តែងនូវសេចក្តីសង្វេគសោកស្តាយ ស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់វីរកងទ័ព ដ៏អង់អាចក្លាហានរបស់យើង នេះជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ទាហានថៃ។

លោកអភិបាលខេត្ត បន្តថា វីរភាពដ៏អង់អាចក្លាហានហ៊ានលះបង់ របស់លោកអនុសេនីយ៍ត្រី ស៊ុន ចាន់ដុក ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនាពេលនេះ គឺជាគំរូដ៏ល្អឯក សម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ ដោយមិនអាចបំភ្លេចបាន។ លោកក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា បានបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រីជាកិច្ចបច្ឆាមរណៈជូនសពអនុសេនីយ៍ត្រី ស៊ុន ចាន់ដុក មេបញ្ជាការកងអនុសេនាតូចដឹកជញ្ជូន នៃអង្គភាពវរសេនាតូចលេខ៣៩៣។

សូមរំលឹកថា ចំពោះការប្រារព្ធធ្វើពិធីបុណ្យឈាបណកិច្ច ដើម្បីឧទ្ទិសកុសលផលបុណ្យចំពោះវីរកងទ័ពជួរមុខ ដែលបានពលីទាំងអស់នៅខេត្តកំពត ក្នុងនាមជាមេគ្រួសារក្នុងខេត្ត គឺលោក ម៉ៅ ធនិន អភិបាលខេត្ត ជាអ្នកធានារ៉ាប់រងរាល់ការចំណាយទាំងអស់៕