គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចុះធ្វើទស្សកិច្ចនៅកំពង់ផែស្វយ័តព្រះសីហនុ ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហការរួមគ្នាឲ្យកាត់តែមានប្រសិទ្ធភាព
09-04-2026 23:16
(ព្រះសីហនុ)៖ គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ បានធ្វើទស្សកិច្ចនៅកំពង់ផែស្វយ័តព្រះសីហនុ ដើម្បីស្វែងយល់ និងពង្រឹងកិច្ចសហការរួមគ្នាឲ្យកាន់តែមានប្រសិទ្ធភាព ក្រោមវត្តមានអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដោយមានការចូលរួមពីគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចនេះគឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
គោលបំណងនៃដំណើរទស្សនកិច្ចដ៏សំខាន់នេះ គឺធ្វើឡើងដើម្បីពង្រឹងកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងកំពង់ផែស្វយ័តព្រះសីហនុព្រមជាឱកាសដ៏ល្អសម្រាប់គណៈប្រតិភូសភាពាណិជ្ជកម្ម កម្ពុជាស្វែងយល់កាន់តែច្បាស់អំពីសមត្ថភាព សក្តានុពល ការអភិវឌ្ឍន៍ និងទិសដៅរបស់កំពង់ផែ ស្វយ័តព្រះសីហនុ ពីមួយជំហាន ទៅមួយជំហាននាពេលខាងមុខ ដែលបច្ចុប្បន្នកំពង់ផែមួយនេះ បានកំពុងអភិវឌ្ឍន៍ នូវបីដំណាក់កាលឈានទៅដល់ជម្រៅទឹកជ្រៅផងដែរ។
ឆ្លៀតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាពេលខាងមុខនេះ អ្នកឧកញ៉ា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគោរពជូនពរ ប្រតិភូ និងថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំ នៃកំពង់ផែស្វយ័តព្រះសីហនុ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កាយពលរឹងមាំខ្លាំងក្លា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈ ការដឹកនាំកំពង់ផែស្វយ័តព្រះសីហនុឱ្យកាន់តែជោគជ័យបន្ថែមទៀត៕


























