ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួនថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងព្រះជន្ម ១០២ ព្រះវស្សា នឹងរៀបចំនៅថ្ងៃទី២៤ ខែមេសា
10-04-2026 08:28
(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា និងមហាសង្ឃទានបច្ច័យបួនថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម ១០២ ព្រះវស្សា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក។
សេចក្តីជូនដំណឹងបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំ ព្រះសង្ឃ គណ គណៈកម្មការ អាចារ្យ សិស្ស និស្សិត ដែលជាសិស្សគណ ទាំងបព្វជិត និងគ្រហស្ថ ក្នុងនិងក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្ម ១០២ ព្រះវស្សា ដោយសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនាយករដ្ឋមន្ត្រីនៃព្រះរាព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជាការឆ្លើយតបចំពោះ គុណូបការៈរបស់សម្តេចជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ»។
កម្មវិធីបុណ្យ នឹងរៀបចំថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយអ្នកផ្តើមបុណ្យ គឺគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះមេគណរាជធានី ខេត្ត ព្រះសង្ឃសិស្សគណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សប្បុរសប្រុសស្រី និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន៕






