ស្នងការនគរបាលខេត្តកំពង់ធំ រៀបចំពិធីប្រោះព្រំ សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
10-04-2026 09:44
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងភរិយា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំង និមន្តព្រះសង្ឃ សូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះព្រំ សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ មមី អដ្ឋស័ក ព.ស២៥៦៩ឈានចូលព.ស២៥៧០ ។
ឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី បានបូជាផ្កាភ្ញី ទៀនធូប ជូនចំពោះព្រះពុទ្ធរូប សូត្រមន្ត សមាទានសីល និងឧទ្ទិសកុសល ផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរសខ្មែរ ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ នាពេលបច្ចុប្បន្ននេះ ជាពិសេសឧទ្ទិសកុសល ផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ជូនជាតិមាតុភូមិ សូមឱ្យដួងវិញ្ញាណក្ខន្ធ អស់លោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
លោកស្នងការ និងលោកស្រី បានបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា ប្រោះព្រំ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួល បានសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឈ្លាសវៃ ចៀសផុតពីជម្ងឺកាចសាហាវដើម្បីបន្តចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត ។
លោកស្នងការ បានប្រគេននូវអង្ករចំនួន ៥បេ ភេសជ្ជៈចំនួន ២៥កេស និងបច្ច័យមួយចំនួន ដើម្បីចូលរួមកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាម និងផ្គត់ផ្គង់ទំនុកបម្រុង ដល់ព្រះសង្ឃសមណសិស្ស នៅវត្តមុន្នីរង្សី ហៅវត្តថ្មី ដោយសេចក្តីសោមនស្សជ្រះថ្លាយ៉ាងក្រៃលែង។
សូមបញ្ជាក់ដែរថា ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំង តុបតែងភ្លើងចំរុះពណ៌ ទង់ជាតិ ទង់ជ្វាលា គោម ស្បៃរំយោល លម្អរ លើកកម្ពស់សោភ័ណភាព និងរៀបចំសម្តែងនូវរបាំត្រុដិ ដើម្បីសុំសេចក្តីសុខសប្បាយបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ លើករាសីសម្រាប់ឆ្នាំថ្មី ព្រមទាំងរៀបចំគ្រឿង រណ្តាប់ ផ្កាភ្ញីសែនព្រេន ទទួលទេវតាឆ្នាំថ្មី តាមទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើង ៕

























