អតីតពលករមកពីថៃថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនជួយឱ្យពួកគាត់មានវិញ្ញាបនបត្រជាតិផ្លូវការ និងងាយស្រួលរកការងារធ្វើ

10-04-2026 10:31

(ភ្នំពេញ)៖ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលបានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយជោគជ័យ បានលើកឡើងថា ការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន ផ្តល់ឱកាសដល់ពួកគាត់ទទួលបានវិញ្ញាបនបត្រជាតិផ្លូវការ ងាយស្រួលរកការងារធ្វើ និងទទួលបានចំណូលខ្ពស់ជាងមុន។

លោក មាស រ៉ាយុទ្ធ អតីតពលករត្រឡប់មកពីប្រទេសថៃ ជំនាញការងារការ៉ូ បានឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បានជួយឱ្យរូបលោកមានវិញ្ញាបនបត្រជំនាញច្បាស់លាស់ ដែលងាយស្រួលរកការងារធ្វើ ព្រោះក្រុមហ៊ុនមានទំនុកចិត្ត មិនតែប៉ុណ្ណោះតាមរយៈវិញ្ញាបនបត្រជំនាញនោះក៏បានជួយឱ្យរូបលោកទទួលបានប្រាក់ខែសមរម្យ និងមានឱកាសឡើងតំណែងទៀតផង។

លោកបានបញ្ជាក់ថា៖ «ខ្ញុំធ្លាប់ធ្វើការងារនៅស្រុកគេ ខ្ញុំអត់ទទួលបានសញ្ញាបត្រ ឬលិខិតបញ្ជាក់អីមកពីស្រុកគេទេ តែកម្មវិធីនៅខ្មែរយើងនេះ អាចបញ្ជាក់ថាយើងចេះការងារប្រាកដ ហើយគាត់ចេញសញ្ញាបត្រឱ្យមែន នៅពេលដែលយើងបានសញ្ញបត្រពីក្រសួងទៅអ៊ីចឹង យើងអាចទៅដាក់ពាក្យនៅក្រុមហ៊ុនណាមួយ យើងអាចស្នើសុំលុយប្រាក់ខែគេតាមអ្វីដែលងចង់បាន»

លោក លោក អ៊ន ភ័ក្ត ជំនាញការងារការ៉ូ ម្នាក់ទៀតបានឱ្យដឹងដែរថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដោយឥតគិតថ្លៃ គឺជាកាដូដ៏មានតម្លៃពីរាជរដ្ឋាភិបាល ព្រោះបើគ្មានកម្មវិធីនេះទេ អតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមានបទពិសោធលើការងារក្នុងវិស័យសំណង់ អាចជួបការលំបាកក្នុងការស្វែងរកការងារ ព្រោះគ្មានការបញ្ជាក់ការទទួលស្គាល់ជំនាញច្បាស់លាស់។

លោកបានប្រាប់ថា៖ «ខ្ញុំមកពីប្រទេសថៃចង់បង្ហាញសមត្ថភាពតែអត់ដឹងថាទៅបង្ហាញនៅកន្លែងណា នៅពេលមានកម្មវិធីនេះកើតមកអ៊ីចឹង ខ្ញុំត្រេកអរខ្លាំង ដែលបានមកប្រឡងសញ្ញាបត្រនៅទីនេះ ហើយមានសញ្ញាបត្រទៅវិញ ទី២យើងទៅកន្លែងការងារណាមួយអ៊ីចឹង យើងមានអាហ្នឹងស្នើទៅគេ គេអាចនឹងយកយើងលឿន ហើយប្រាក់ចំណូលច្រើនជាងមុនទៀត»

លោក អេង ប្រិមប្រិយ អតីតពលករមកពីប្រទេសថៃជំនាញការងារកំបោរ បានឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន បង្កភាពងាយស្រួលក្នុងការពង្រឹង ឬផ្លាស់ប្តូរជំនាញឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

លោកបាននិយាយថា៖ «ការតេស្តជំនាញហើយយើងមានសញ្ញាបត្រ យើងទៅដាក់ការងារអីមួយគឺវាងាយស្រួល ព្រោះទទួលស្គាល់ចេញពីក្រសួងការងារ យើងទៅដាក់ការងារផ្សេងៗគឺបានប្រាក់ខែខ្ពស់ ជាងដែលយើងអត់ទាន់បានមកតេស្តជំនាញ»

សូមបញ្ជាក់ថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ រាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់រួមមាន៖ ១. ការងារកំបោរ (រៀបឥដ្ឋនិងបូក) ២. ការងារការ៉ូ ៣. ការដំឡើងពុម្ព ៤. ការដំឡើងបណ្តាញបំពង់ទឹក ៥. ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៦. ការងាររន្ទា ៧. ការដំឡើងសរសៃដែក និង ៨. ការផ្សារអគ្គិសនី៕