មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំរៀបពិធីសូត្រមន្តលើករាសី សិរីសួស្តី ដល់កងកម្លាំងទាំងអស់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
10-04-2026 10:58
(ត្បូងឃ្មុំ)៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ និងលោកស្រី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំរៀបចំ ពិធីសូត្រមន្តលើករាសី និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
ក្នុងនោះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ វ៉ា សារិទ្ធិ អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងនាយទាហាន-នាយទាហានរងកងរាជអាវុធហត្ថខេត្ត។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសម្អាតឧបទ្រពចង្រៃឆ្នាំចាស់ និងទទួលពរជ័យសិរីសួស្តីពីទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ព្រមទាំងជាឱកាសដ៏វិសេសវិសាលក្នុងការជួបជុំ សំណេះសំណាល សួរសុខទុក្ខ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងកងកម្លាំងអាវុធហត្ថគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនាពេលកន្លងមក។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ បានជូនពរដល់កងកម្លាំងទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕

















