កម្ពុជានឹងរងឥទ្ធិពល ស៊ីនឡាគូ (Sinlaku) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា បណ្តាលឱ្យខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ (Video inside)
10-04-2026 11:01
(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទី៤នេះ ពុំមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជានោះទេ តែនឹងបណ្តាលឱ្យខេត្តមួយចំនួនអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ។
សេចក្តីជូនដំណឹងរបស់ក្រសួងធន់ធានទឹក ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងទៀតថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ៖
ទី១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ២០%។
ទី២៖ តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
ទី៣៖ តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ជាមួយគ្នានេះដែរ នៅក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ សូមបងប្អូនមេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុ ដែលមានបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅពេលមានភ្លៀងកក់ខែ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើ ការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕





